ក្រុមហ៊ុន VinFast Trading & Investment ដែលមានទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី ទើបតែបានដាក់ពាក្យស្នើសុំបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) នៅ សហរដ្ឋអាម៉េរិក។
ការដាក់ពាក្យឡើងទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC) នេះ ទើបតែត្រូវបានក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនវៀតណាម Vingroup របស់មហាសេដ្ឋី ហ្វាម ញ៉ឹតវឿង ប្រកាសនាពេលថ្មីៗនេះ ប៉ុន្តែ ចំនួនហ៊ុនដែលបោះផ្សាយលក់ និងតម្លៃមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។
VinFast ក៏បានឱ្យដឹងថា ពួកគេគ្រោងធ្វើ IPO នៅលើផ្សារហ៊ុន Nasdaq Global Select Market និងមានឈ្មោះកូដថា VFS។
Nasdaq និង NYSE (ផ្សារហ៊ុនញូវយ៉ក) គឺជាផ្សារហ៊ុនដែលធំជាងគេនៅ សហរដ្ឋអាម៉េរិក។ គិតមកដល់ចុងខែតុលា 2022 ផ្សារហ៊ុនទាំងពីរនេះមានតម្លៃមូលធនទីផ្សារសរុបជិតស្មើនឹង 40 ទ្រីលាន (40,000,000,000,000) ដុល្លារអាម៉េរិក ក្នុងនោះ Nasdaq មានតម្លៃជាង 17 ទ្រីលានដុល្លារ។ ប៉ុន្តែ បើគិតទៅលើល្បឿននៃការរីកចម្រើន គេឃើញថា Nasdaq មានវឌ្ឍនភាពលឿនជាង NYSE នៅពេលតម្លៃមូលធនទីផ្សាររបស់ Nasdaq កាលពី 4 ឆ្នាំមុន មានតែជាង 11 ទ្រីលានដុល្លារប៉ុណ្ណោះ។
បច្ចុប្បន្ន VinFast ផលិតយានយន្តអគ្គិសនីច្រើនប្រភេទ បូករួមទាំងរថយន្តក្រុងអគ្គិសនី ម៉ូតូអគ្គិសនី និងស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីផងដែរ៕