បរាជ័យនៅចំពោះមុខ ម៉ារ៉ុក កាលពីយប់ថ្ងៃទី 06 ធ្នូ គឺជាការចាញ់លើកទី 4 របស់ អេស្ប៉ាញ ក្នុងការប្រកួតប៉េណាំងទីនៅក្នុងប្រវត្តិសាស្ត្រ World Cup។
លើកដំបូងដែល អេស្ប៉ាញ បានចាញ់ក្នុងការប្រកួតប៉េណាំងទីនៅ World Cup គឺក្នុងឆ្នាំ 1986។ ពេលនោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Miguel Munoz ក្រុមអេស្ប៉ាញ ចាញ់ បែលហ្ស៊ិក 4-5 បន្ទាប់ពីស្មើ 1-1 ក្នុងការប្រកួត 120 នាទី នៅវគ្គ 8 ក្រុម។ អតីតខ្សែប្រយុទ្ធ Eloy គឺជាកីឡាករតែម្នាក់គត់ដែលទាត់ប៉េណាំងទីមិនបានសម្រេច។
នៅ World Cup 2002 អេស្ប៉ាញ ត្រូវទាត់ប៉េណាំងទីនៅក្នុងការប្រកួត 2 លើក ក្នុងវគ្គជម្រុះផ្ទាល់ (knock-out)។ នៅវគ្គ 1/8 នោះ ថ្វីបើ Juanfran និង Valeron ទាត់ប៉េណាំងទីខុសគោលដៅ ប៉ុន្តែ ពួកគេនៅតែឈ្នះ អៀរឡង់ 3-2 ក្រោយពីរកបាន 1-1 ក្នុងអំឡុង 120 នាទី។ នេះគឺជាការប្រកួតប៉េណាំងទីតែមួយគត់នៅ World Cup ដែល អេស្ប៉ាញ បានឈ្នះ។
ក្រោយពីរកមិនបានគ្រាប់បាល់ (0-0) ពេលទាត់ជាមួយ កូរ៉េខាងត្បូង ក្នុងវគ្គ 1/8 នៅ World Cup 2002 អេស្ប៉ាញ ជាថ្មីម្ដងទៀត ត្រូវប្រកួតប៉េណាំងទី។ ពេលនោះ អេស្ប៉ាញ ត្រូវចាញ់ កូរ៉េខាងត្បូង 3-5។
បញ្ហាដូចខាងលើបានកើតឡើងចំពោះ អេស្ប៉ាញ ជាថ្មីនៅ World Cup កាលពី 4 ឆ្នាំមុន នៅពេលពួកគេចាញ់ក្រុមម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ី នៅវគ្គ 8 ក្រុម។
អត្រានៃការទាត់ប៉េណាំងទីជោគជ័យរបស់ អេស្ប៉ាញ នៅ World Cup គឺត្រឹមតែ 57.8% ប៉ុណ្ណោះ ដោយសម្រេចបាន 11 នៅក្នុងចំណោម 19 គ្រាប់ដែលបានទាត់។
ការប្រកួតចាញ់ ម៉ារ៉ុក នៅលើទីលាន Education City កាលពីយប់ថ្ងៃទី 06 ធ្នូ ក៏បានបង្ហាញថា អេស្ប៉ាញ ទាត់ប៉េណាំងទីបរាជ័យទាំងស្រុង។ Pablo Sarabia ទាត់ចំបង្គោលទីនៅពេលស៊ុតប៉េណាំងទីគ្រាប់ដំបូង មុនពេលគ្រាប់បាល់របស់ Carlos Soler និង Sergio Busquests ត្រូវបានអ្នកចាំទី Bono ចាប់បាននៅក្នុងការស៊ុត 2 គ្រាប់ដែលនៅសល់។
ការបរាជ័យ 0-3 ខាងនេះក៏ធ្វើឱ្យ អេស្ប៉ាញ យកឈ្នះលើ អង់គ្លេស និង អ៊ីតាលី ក្នុងការឡើងទៅកាន់តំណែងដែលគ្មានក្រុមណាមួយចង់បាន នោះគឺ «ក្រុមដែលចាញ់ប៉េណាំងទីច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ World Cup»។ ចំណែកក្រុមដែលទាត់ប៉េណាំងទីល្អបំផុតនៅ World Cup គឺ អាហ្សង់ទីន ក្នុងនោះ ពួកគេបានឈ្នះ 4 ប្រកួត ក្នុងការទាត់ 5 ប្រកួត៕