(កាតា)- ខ្សែប្រយុទ្ធ Goncalo Ramos បង្កើតបាន hat-trick (រកបាន 3 គ្រាប់ក្នុង 1 ប្រកួត) ដំបូង នៅពេលទាត់ជំនួស Cristiano Ronaldo ជួយឱ្យព័រទុយហ្កាល់ ឈ្នះ ស្វ៊ីស 6-1 នៅវគ្គ 1/8 របស់ World Cup 2022 កាលពីយប់ថ្ងៃទី 06 ធ្នូ។
គ្រូបង្វឹក Fernando Santos ដាក់ Ronaldo ជាកីឡាករបម្រុង បន្ទាប់ពីគាត់បាននិយាយថា មិនពេញចិត្តនឹងឥរិយាបថរបស់ប្រធានក្រុមរូបនេះ។ បើទោះជាត្រូវបានដាក់ឱ្យនៅជាកីឡាករបម្រុង ប៉ុន្តែ Ronaldo ក៏បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកកាន់កាមេរ៉ា នៅពេលគោរពទង់ជាតិ។ កាមេរ៉ាប្រហែលជាង 10 តម្រង់ទៅរកក្រុមជម្រើសជាតិនៅលើទីលានប្រកួត ខណៈជិត 100 កាមេរ៉ា បាញ់សំដៅទៅតំបន់បច្ចេកទេស ជាទីដែល Ronaldo កំពុងស្ថិតនៅជាកីឡាករបម្រុង។ គាត់ច្រៀងដណ្ដើរ សើចបណ្ដើរ នៅពេលក្លាយជាកីឡាករបម្រុងនៅក្នុងរដូវកាលបាល់ទាត់ផ្លូវការរបស់ ព័រទុយហ្កាល់ រាប់ចាប់ពីឆ្នាំ 2008។
ក៏ប៉ុន្តែ នៅពេលបាល់ចាប់ផ្ដើមរមៀលលើទីលានប្រកួត ក្រុមកីឡាករព័រទុយហ្កាល់ ក៏ដណ្ដើមបានចំណាប់អារម្មណ៍ឡើងវិញ ពិសេសគឺខ្សែប្រយុទ្ធវ័យ 21 ឆ្នាំ Goncalo Ramos ដែលទាត់ជំនួស Ronaldo។ នេះគឺជាលើកដំបូងដែល Ramos ទាត់ក្នុងនាមជាកីឡាករសំខាន់សម្រាប់ ព័រទុយហ្កាល់។ ប៉ុន្តែ Ramos បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅពេលបង្កើតបាន hat-trick ជាលើកដំបូងនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ ហើយក៏ជា hat-trick ដំបូងនៅវគ្គជម្រុះផ្ទាល់របស់ World Cup រាប់ចាប់ពីឆ្នាំ 1990។
Ramos រកបានគ្រាប់បាល់ដំបូងជូន ព័រទុយហ្កាល់ ខណៈគ្រាប់ទីពីររកបានដោយកីឡាករ Pepe ដែលពាក់ស្លាកជាប្រធានក្រុមជំនួស Ronaldo។ Ramos រកបានគ្រាប់ទីពីររបស់ខ្លួន ដែលជាគ្រាប់ទីបីសម្រាប់ ព័រទុយហ្កាល់នៅដើមតង់ទីពីរ។ Ramos សម្រេចបាន hat-trick របស់ខ្លួននៅនាទីទី 67។
និយាយរួម ទាំង 6 គ្រាប់ដែលក្រុមជម្រើសជាតិរបស់ ព័រទុយហ្កាល់ រកបាន គឺសុទ្ធតែជាជ័យជម្នះដែលបង្កើតឡើងដោយការទាត់ដ៏គួរឱ្យជក់ចិត្ត។
ក្នុងការប្រកួតនេះ Ronaldo មិនបានចូលរួម ប៉ុន្តែ ដោយត្រូវរង់ចាំដល់ការប្រកួតបន្ទាប់នៃវគ្គ knock-out ពេលដែល ព័រទុយហ្កាល់ ប៉ះនឹង ម៉ារ៉ុក នៅថ្ងៃទី 10 ធ្នូ លើទីលាន Al Thumama។ បើសិនជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Ronaldo និងក្រុមព័រទុយហ្កាល់ នឹងត្រូវជួប ក្រុមបារាំង៕