ខ្សែប្រយុទ្ធ Harry Kane ពិតជាអ្នកដើរតាមគន្លងរបស់តារាឆ្នើម Cristiano Ronaldo មែន ខណៈដែលរូបគេកំពុងសម្លឹងរកការកសាងកេរិ៍្តឈ្មោះឱ្យល្បីល្បាញដូចខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនោះក្នុងនាមជាកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោកម្នាក់ដែរ ប៉ុន្តែសម្រាប់ពេលនេះ Ronaldo គឺជាអ្នកដែលកំពុងតែដេញតាមពីក្រោយរូបគេក្នុងការប្រជែងដើម្បីក្លាយជាខ្សែប្រយុទ្ធកំពូលក្នុងក្របខ័ណ្ឌ Champions League ។
Kane បានផ្លាស់ប្តូរទម្រង់លេងក្នុងក្របខ័ណ្ឌអឺរ៉ុបរបស់ក្រុម Tottenham Hotspur ពីការបរាជ័យកាលពីរដូវកាលមុន មកចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ តាមរយៈការរកបានគ្រាប់បាល់បញ្ចូលទី5គ្រាប់ក្នុងចំណោមគ្រាប់បាល់សរុបទាំង6គ្រាប់របស់ក្រុម Spurs ក្នុងពេលពួកគេបានយកឈ្នះលើក្រុម Dortmund 3-1 និង APOEL 3-។ ការសាកល្បងដ៏ពិតប្រាកដសម្រាប់ Kane និងមិត្តរួមក្រុមរបស់គេ នឹងកើតឡើងនៅកីឡដ្ឋាន Santiago Bernabeu នៅរាត្រីនេះ ខណៈដែលក្រុម Real Madrid និង Ronaldo កំពុងតែរង់ចាំពួកគេ ក្រោយពីបានផ្តួលក្រុម Dortmund និង APOEL ក្នុងលទ្ធផល 3-1 និង 3-០ ដូចគ្នា ដោយ Ronaldo រកបាន4គ្រាប់ពីការប្រកួតទាំងពីរនោះ។
លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ Spurs បានប្រាប់ស្ថានីយវិទ្យុរបស់អេស្ប៉ាញ នៅសប្តាហ៍នេះថា៖ «ពិតណាស់ វាគឺជាឱកាសមួយក្នុងការកំណត់ពីសមត្ថភាពរបស់យើង។ យើងនឹងត្រូវជួបក្រុមខ្លាំងបំផុតក្នុងពិភពលោក»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងគឺជាក្រុមប្រជុំដោយកីឡាករវ័យក្មេង និងកីឡាករអន្តរជាតិជាច្រើន ប៉ុន្តែមិនមានបទពិសោធច្រើនក្នុងការលេងក្នុងប្រភេទនៃការប្រកួតបែបនេះឡើយ។ វាជាការសាកល្បងជាមូលដ្ឋានគ្រឹះមួយ»។
លោក Pochettino បានបន្ថែមទៀតថា៖ «Kane គឺជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដែលមានទម្រង់លេងល្អបំផុតក្នុងពិភពលោក មានមនុស្សជាច្រើននិយាយពីចំណុចនេះរួចហើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ Daily Stars