(ហ្វ៊ីលីពីន)- ធនាគារអភិវឌ្ឍអាស៊ី (ADB) បានអនុម័តប្រាក់កម្ចីដែលមានតម្លៃ 50 លានដុល្លារអាម៉េរិក ទៅតាមកម្មវិធីរង 1 នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ក្នុងបំណងជួយដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងជាសកល។
កម្មវិធីខាងលើនឹងជួយស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-19 នៅ កម្ពុជា តាមរយៈការគាំទ្រដល់ការកែទម្រង់របស់ រាជរដ្ឋាភិបាល ដើម្បីកែលំអបរិស្ថានវិនិយោគ និងពាណិជ្ជកម្ម ការជំរុញវឌ្ឍនភាពរបស់បណ្ដាអាជីវកម្មខ្នាតតូចបំផុត និងសហគ្រាសធុនតូច និងមធ្យម រួមនឹងការកែលំអគោលនយោបាយពាណិជ្ជកម្ម ក៏ដូចជាការសម្រួលវិស័យពាណិជ្ជកម្ម។
កម្មវិធីនេះក៏នឹងជួយឱ្យ កម្ពុជា កែលំអការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការស្ដីពីការសម្រួលកិច្ចការពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដើម្បីបង្កបង្កើតឱកាសសម្រាប់សហគ្រាសកម្ពុជា ក្នុងការនាំចេញទំនិញផងដែរ៕