Skip to content

ចំនួន​យានយន្ត​អគ្គិសនី​នៅ កម្ពុជា កើនឡើង​ជិត 5,600 ភាគរយ ធៀប​នឹង​ឆ្នាំ​កន្លង

គិត​ត្រឹម​ខែតុលា ឆ្នាំ 2022 ចំនួន​យានយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​នៅ កម្ពុជា បាន​កើន​ឡើងដល់ 625 គ្រឿង ពោលគឺ​កើន​ប្រហែល 5,582% បើ​ធៀប​ទៅនឹង​ឆ្នាំ 2021 នេះ​បើតាម ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ប្រសាសន៍​របស់ ឯកឧត្តម ពៅ ម៉ាលី ត្រូវបាន​លើកឡើង​កាលពី​ថ្ងៃទី 05 ធ្នូ 2022 នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការប្រមូល​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​យានយន្ត​អគ្គិសនី ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង​ចំនួន 9 ស្ថាប័ន តំណាង​អភិបាល នៃ​គណៈ អភិបាល 25 រាជធានី-ខេត្ត រួម​នឹង​ដៃគូ​អភិវឌ្ឍ​ជាច្រើន​រួមមាន អង្គការ UNDP ធនាគារពិភពលោក និង​វិស័យ​ឯកជន។

ឯកឧត្តម ពៅ ម៉ាលី ថ្លែងថា ចំនួន​យានយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​នៅ កម្ពុជា គិត​ត្រឹម​ខែតុលា ឆ្នាំ 2022  បាន​កើន​ឡើងដល់ 625 គ្រឿង ពោលគឺ​កើន​ប្រហែល 5,582% បើ​ធៀប​ទៅនឹង​ឆ្នាំ 2021។ ក្រសួង​សាធារណការ បានឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ ក្រសួង​នេះ​បង្កើត និង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍន៍​យានយន្ត​អគ្គិសនី​នៅ កម្ពុជា។

យោងតាម រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ថ្មីៗនេះ ក្រសួង​បាន និង​កំពុង​រៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការដឹកជញ្ជូន ផែនទី​ចង្អុល​ផ្លូវ​បណ្តាញ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ការ លើកទឹកចិត្ត​អ្នកប្រើប្រាស់​យានយន្ត​អគ្គិសនី ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នានា ការលើកទឹកចិត្ត​ឱ្យ​មានការ​បង្គុំ​ដំឡើង និង​ផលិត​យានយន្ត​អគ្គិសនី​នៅ កម្ពុជា ផងដែរ៕

រថយន្តអគ្គិសនី 7 គ្រឿង ត្រូវបានប្រគល់ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ កាលពីថ្ងៃទី 29 វិច្ឆិកា 2022
ម៉ូតូ​អគ្គិសនី 30 គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ ​កាល​ពី​ថ្ងៃទី 29 វិច្ឆិកា 2022

Leave a Reply

Your email address will not be published. Required fields are marked *