ក្រុមផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla មានផែនការកាត់បន្ថយការផលិតនៅឯរោងចក្រក្នុងទីក្រុង Shanghai ដោយសារតែតម្រូវការជាក់ស្ដែងមិនសមតាមបំណង នេះបើតាមប្រភពព័ត៌មានរបស់ Bloomberg។
ការកាត់បន្ថយខាងលើនឹងមានសុពលភាពចាប់ពីសប្ដាហ៍នេះ។ ប្រភពព័ត៌មានរបស់ Bloomberg ឱ្យដឹងថា ឥរិយាបថនេះអាចបន្ថយបរិមាណរថយន្តរបស់ Tesla ប្រហែល 20%។ ការសម្រេចនេះត្រូវបានលើកឡើងបន្ទាប់ពី Tesla បានវាយតម្លៃរយៈពេលខ្លីចំពោះទីផ្សារចិន។ តំណាងរបស់ Tesla នៅ ប្រទេសចិន បានបដិសេធការស្នើសុំការអធិប្បាយទាក់ទងនឹងបញ្ហានេះ។
ក៏ប៉ុន្តែ ក្រុមហ៊ុនរបស់ មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក អ៊ីឡុន ម៉ាស នៅតែអាចបង្កើនបរិមាណឡើងវិញនៅពេលតម្រូវការទីផ្សារបានកែលំអ។ នេះគឺជាលើកដំបូងហើយដែល Tesla កាត់បន្ថយបរិមាណដោយខ្លួនឯងសម្រាប់រោងចក្រនៅ Shanghai។ ការកាត់បន្ថយច្រើនលើកមុននោះគឺដោយសារបទបញ្ជាបិទខ្ទប់ដើម្បីបង្ការកូវីដ-19។
ការកាត់បន្ថយបរិមាណខាងលើបង្ហាញថា តម្រូវការទីផ្សាររថយន្តអគ្គិសនី Tesla នៅ ប្រទេសចិន មិនអាចតាមទាន់ការផ្គត់ផ្គង់របស់រោងចក្រនៅ Shanghai បន្ទាប់ពីបរិមាណនៃការផលិតត្រូវបានដំឡើងទ្វេដង ពោលគឺប្រហែល 1 លានគ្រឿង/ឆ្នាំ។
Junheng Li នាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្រាវជ្រាវភាគហ៊ុន JL Warren Capital បានឱ្យដឹងថា សមត្ថភាពផលិតរបស់រោងចក្រ Tesla នៅ Shanghai គឺប្រហែល 85,000 គ្រឿង/ខែ។
ប្រភពព័ត៌មានឱ្យដឹងថា មូលហេតុឫសគល់នៃការកាត់បន្ថយបរិមាណរថយន្តរបស់ Tesla នៅ Shanghai គឺមកពីមានការប្រកួតប្រជែងដែលកាន់តែមានច្រើនឡើងពីបណ្ដាក្រុមហ៊ុនក្នុងស្រុក ក្នុងនោះមាន BYD និង Guangzhou Automobile Group ជាដើម៕