(កាតា)- បរាជ័យរបស់ ជប៉ុន និង កូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី 05 ធ្នូ 2022 បានធ្វើឱ្យ ទ្វីបអាស៊ី ត្រូវអស់តំណាងនៅ World Cup 2022។
កូរ៉េខាងត្បូង ប៉ះនឹងក្រុមរបស់ ប្រេស៊ីល ក្នុងនាមជាក្រុមតំណាងឱ្យ ទ្វីបអាស៊ី ចុងក្រោយនៅ World Cup 2022 ប៉ុន្តែ ពួកគេត្រូវបាននាំមុខ 4 គ្រាប់នៅនាទីទី 36។ បរាជ័យ 1-4 នៅលើកីឡដ្ឋាន Al Janoub កាលពីយប់មិញ នាំឱ្យ Son Heung-min និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវអស់ការប្រកួតនៅ World Cup 2022 ចាប់ពីពេលនោះ។
ប៉ុន្មានម៉ោងមុនការប្រកួតរវាង កូរ៉េខាងត្បូង និង ប្រេស៊ីល ជប៉ុន ក៏បានចាញ់ ក្រូអាត 1-3 ក្នុងការស៊ុតបាល់ប៉េណាំងទី (Penalty Soot-out)។ បរាជ័យរបស់ កូរ៉េខាងត្បូង និង ជប៉ុន បានធ្វើឱ្យ ទ្វីបអាស៊ី ត្រូវអស់ក្រុមតំណាងរលីង នៅ World Cup 2022។ កាលពីថ្ងៃទី 03 ធ្នូ អូស្ត្រាលី ត្រូវចាកចេញពី World Cup 2022 ត្រឹមវគ្គ 1/8 ក្រោយពីចាញ់ អាហ្សង់ទីន 1-2។
ថ្វីបើត្រូវអស់ក្រុមតំណាងនៅ World Cup 2022 ប៉ុន្តែ រដូវកាលបាល់ទាត់ពិភពលោកលើកនេះគឺជាជោគជ័យធំមួយសម្រាប់វិស័យបាល់ទាត់របស់ អាស៊ី ក៏ដូចជា សម្ព័ន្ធបាល់ទាត់ទ្វីបអាស៊ី (Asian Football Confederation)។
ជោគជ័យនៅ World Cup លើកនេះរបស់ អាស៊ី រួមមាន ៖ អារាប៊ីសាអូឌីត បានផ្ដួល អាហ្សង់ទីន 2-1 មុនពេលត្រូវហាលអាវ។ ក្រោយមក ជប៉ុន ក៏ឈ្នះ អាល្លឺម៉ង់ និង អេស្ប៉ាញ ជាមួយនឹងគ្រាប់បាល់ឈ្នះដូចគ្នានេះដែរ។ ជុំចុងក្រោយនៃវគ្គចែកពូល កូរ៉េខាងត្បូង ក៏បានឈ្នះ ព័រទុយហ្កាល់ ជួយឱ្យ សម្ព័ន្ធបាល់ទាត់ទ្វីបអាស៊ី មានតំណាងរហូតដល់ទៅ 3 ជាលើកដំបូងនៅវគ្គ 8 ក្រុម រួមមាន អូស្ត្រាលី ជប៉ុន និង កូរ៉េខាងត្បូង៕