Skip to content

តម្លៃ​ប្រេង​ឆៅ​របស់​ពិភពលោក​ចាប់ផ្ដើម​ងើបឡើង​វិញ ដោយ​សារ​ OPEC+ សហភាព​អឺរ៉ុប និង​ចិន

តម្លៃ​ប្រេង​ឆៅ WTI និង Brent នា​ព្រឹក​នេះ​បាន​ងើបឡើង​វិញ 2.3% ដោយសារតែ OPEC+ រក្សា​ការផលិត​ដូចដើម ខណៈ សហភាព​អឺរ៉ុប ហាម​នាំចូល​ប្រេង​របស់ រុស្ស៊ី គ្រា​ដែល ចិន បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង។

បច្ចុប្បន្ន ប្រេង​ឆៅ WTI មួយ​ធុង​មានតម្លៃ 81.3 ដុល្លារ​អាម៉េរិក។ កាលពី​សប្ដាហ៍​កន្លង ប្រេង​ឆៅ​នេះ​ឡើងថ្លៃ​ជិត 5% នៅពេល ទីក្រុង​ប៉េកាំង បន្ធូរបន្ថយ​គោលនយោបាយ Zero Covid ដែលនាំឱ្យ​មានការ​រំពឹង​ថា ប្រទេស​នេះ​នឹង​ប្រើប្រាស់​ប្រេង​ច្រើនជាង​បច្ចុប្បន្ន។ ចំណែក​ប្រេង Brent ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 87 ដុល្លារ​អាម៉េរិក/ធុង។

កាលពី​ថ្ងៃទី 04 ធ្នូ អង្គការ​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (OPEC+) បានសម្រេច​ចិត្ត​រក្សា​ការផលិត​ដូច​សព្វថ្ងៃ ដើម្បី​មាន​ពេល​សម្រាប់​ការវាយតម្លៃ​ទីផ្សារ​ក្នុង​កាលៈទេសៈ​ដែលមាន​ការប្រែប្រួល​ខ្លាំង។ ថ្ងៃនេះ បទបញ្ជា​ហាម​នាំចូល​ប្រេង​របស់ រុស្ស៊ី តាមផ្លូវ​សមុទ្រ​របស់ សហភាព​អឺរ៉ុប ក៏​ចាប់ផ្ដើម​មាន​សុពលភាព។

មុន​នោះ សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស G7 បាន​ឯកភាពគ្នា​កំណត់​តម្លៃ​ពិតាន 60 ដុល្លារ​អាម៉េរិក/ធុង ចំពោះ​ប្រេង​របស់ រុស្ស៊ី ក្នុង​បំណង​ដាក់​ទណ្ឌ​ផ្នែក​កម្ម​ហិរញ្ញវត្ថុ​លើ ទីក្រុង​មូ​ស្គូ ប៉ុន្តែ នៅតែ​រក្សា​លំហូរ​ប្រេង​នៅលើ​ពិភពលោក។

រុស្ស៊ី បានប្រកាស​ប្រឆាំងនឹង​គោលនយោបាយ​ខាងលើ​របស់ សហភាព​អឺរ៉ុប ហើយ​ថា​នឹង​កាត់បន្ថយ​ការផលិត​ប្រេង​បើសិនជា​ចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *