ស្ថិតនៅលើគោលជំហរនៃការរឹតចំណងមិត្តភាព និងបង្កើនទំនាក់ទំនងឱ្យកាន់តែស្និទ្ធស្នាលរវាងបណ្តុំអ្នកជំនួញ ដែលជាម្ចាស់អាជីវកម្មក្នុងស្រុក សមាគម BNI Cambodia បានបង្កើតព្រឹត្តិការណ៍បាល់ទាត់ប្រចាំឆ្នាំ ប្រកួតដណ្ដើមពានរង្វាន់ ប៊ី អិន អាយ កម្ពុជា 2017 (BNI Cambodia 2017) ក្រោមការសម្របសម្រួលពីសំណាក់លោក អ៊ីវ គឹមសួរ អ្នកតំណាងអោយ BNI Cambodia ដែលមកពី Master Chapter ។ សម្រាប់ការប្រកួតដ៏ធំប្រចាំឆ្នាំរបស់សមាគម BNI Cambodia នេះ ត្រូវបានប្រារព្ធពិធីបើកវគ្គនៃរដូវកាលថ្មីកាលពីរសៀលថ្ងៃទី14 ខែតុលា ឆ្នាំ2017 នៅពហុកីឡដ្ឋាន វេស្ទើន រាជធានីភ្នំពេញ ។
លោក អ៊ីវ គឹមសួរ អ្នកសម្របសម្រួលព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ2017 បានបញ្ជាក់ឱ្យដឹងថា ការប្រកួតដណ្ដើមពានរង្វាន់ប្រចាំឆ្នាំនាពេលនេះ គឺជាការបង្ហាញពីសមត្ថភាព និងកិច្ចសហការដ៏ល្អរបស់សមាជិកក្នុងក្រុមនីមួយៗ ។ សម្រាប់ក្រុមកីឡាករដែលចូលរួមប្រកួតទាំងអស់មានចំនួន 8 ក្រុម នឹងធ្វើការប្រកួតសន្សំពិន្ទុ និងជម្រុះវិលជុំ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វេលាម៉ោង3 រហូតដល់ម៉ោង7យប់ ជាមួយនឹងការបើកយ៉ាងទូលាយសម្រាប់អ្នកចូលរួមទស្សនាដោយសេរី ព្រមទាំងទទួលបានភេសជ្ជៈទទួលទានដោយឥតគិតថ្លៃ។
សូមចូលរួមគាំទ្រវិស័យកីឡាបាលទាត់ទាំងអស់គ្នា…..