(កាតា)- ខ្សែប្រយុទ្ធ និងប្រធានក្រុម Lionel Messi បាននិយាយថា អាហ្សង់ទីន គឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពដែលស័ក្ដិសមសម្រាប់តំណែងជើងឯក World Cup 2022។
«អាហ្សង់ទីន គឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាព។ អាហ្សង់ទីន គឺជាប្រទេសមហាអំណាចមួយ និងតែងតែជាក្រុមជម្រើសជាតិមួយដែលខ្លាំងបំផុត។ យើងដឹងថា ខ្លួនគឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពទាំងឡាយ។ ប៉ុន្តែ យើងត្រូវបង្ហាញអំពីប្រការនោះនៅលើទីលាន ហើយធ្វើបានប្រការនោះនៅចំពោះមុខ អូស្ត្រាលីរួចហើយ» ទំព័រសារព័ត៌មានរបស់ អេស្ប៉ាញ Marca ដកស្រង់ និងចុះផ្សាយសម្ដីអះអាងរបស់ Messi កាលពីថ្ងៃទី 04 ធ្នូ មួយថ្ងៃបន្ទាប់ពី អាហ្សង់ទីន យកឈ្នះ អូស្ត្រាលី 2-1 នៅវគ្គ 1/8។
នៅលើទីលាន Ahmad bin Ali កាលពីថ្ងៃទី 03 ធ្នូ អាហ្សង់ទីន មិនបានបង្កឱកាសច្រើននៅចំពោះមុខខ្សែការពារដ៏រឹងមាំរបស់ អូស្ត្រាលី ប៉ុន្តែ រកបាន 2 គ្រាប់ដោយសារថ្វីជើង «បែកបុគ្គល»។ នាទីទី 35 Messi ស៊ុតបញ្ចូលទី រកបាន 1 គ្រាប់សម្រាប់ អាហ្សង់ទីន។ នាទីទី 57 Julian Alvarez ដណ្ដើមបានបាល់ពីអ្នកចាំទី Matt Ryan ក្នុងតំបន់គ្រោះថ្នាក់ ហើយស៊ុតប៉ើងសំណាញ់របស់ អូស្ត្រាលី 1 គ្រាប់ទៀត។
អូស្ត្រាលី ផ្ដើមការវាយលុកចាប់ពីពាក់កណ្ដាលចុងតង់ទីពីរ និងរកបាន 1 គ្រាប់ដោយសារថ្វីជើងរបស់ Enzo Fernandez។ បញ្ចប់ការប្រកួត អាហ្សង់ទីន នាំមុខ អូស្ត្រាលី 2-1។
នៅពេល អាហ្សង់ទីន ប៉ះនឹង ហូឡង់ នៅវគ្គ 8 ក្រុមនៅលើកីឡដ្ឋាន Lusail នាថ្ងៃទី 09 ធ្នូខាងមុខ Messi មានគោលដៅផ្ដោតទៅលើឯតទគ្គកម្មស៊ុតបញ្ចូលទី 10 គ្រាប់នៅ World Cup របស់ Gabriel Batistuta ក្រោយពីឆ្លងផុតសមិទ្ធផលរបស់អតីតកំពូលតារាបាល់ទាត់ Diego Maradona របស់ អាហ្សង់ទីន៕