Skip to content

កីឡាករ​អ៊ុយរូហ្កាយ ដាល់​រំលំ​​អេក្រង់ VAR នៅ World Cup 2022 បន្ទាប់​ពី​ត្រូវ​ជម្រុះ​

ខ្សែប្រយុទ្ធ Edinson Cavani របស់ អ៊ុយរូហ្កាយ ដាល់​រំលំ​អេក្រង់​ត្រួត​ពិនិត្យ​ VAR របស់​អាជ្ញាកណ្ដាល​ ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រទេស​នេះ​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​ World Cup នៅ​ កាតា។

វីដេអូ​​ដែល​ត្រូវ​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​​ក្រោយ​ការ​ប្រកួត​រវាង អ៊ុយរូហ្កាយ និង ហ្កាណា កាល​ពី​យប់​ថ្ងៃទី 02 ធ្នូ បង្ហាញ​ថា​ កីឡាករ Edinson Cavani របស់​ក្រុម​ជម្រើស​ជាតិ​មក​ពី​ អាម៉េរិក​ខាង​ត្បូង បាន​ដាល់រំលំ​​អេក្រង់​បច្ចេកវិទ្យា​វីដេអូ ជាជំនួយ​សម្រាប់​អាជ្ញាកណ្ដាល (VAR) នៅ​ពេល​គាត់​កំពុង​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​ទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​។ បន្ទាប់​មក ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ Cavani ក៏​ដើរ​បន្ត​ទៅ​មុខ​ ដោយ​មិន​ខ្ចី​អើពើ​ចមពោះ​អេក្រង់​ VAR ដែល​បាន​ដួល​រលំ​។

បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​ថា អេក្រង់​នេះ​រង​ការ​ខូច​ខាត​ ឬ​យ៉ាង​ណា​នៅ​ឡើយ​។ ប៉ុន្តែ​ សកម្មភាព​របស់ Cavani ទទួល​រង​ការ​រិះ​មួយ​ចំនួន​។

Cavani ចូល​ប្រកួត​ជំនួស Luis Suarez នៅ​នាទី​ទី 65 នៃ​ការ​ប្រកួត​ ដែល​ពេល​នោះ អ៊ុយរូហ្កាយ​ កំពុង​នាំ​មុខ ហ្កាណា 2-0 ហើយ​នេះ​ក៏​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។ ជ័យ​ជម្នះ​នេះ គួរ​ណាស់​តែ​អាច​ឱ្យ អ៊ុយរូហ្កាយ ដើរ​ទៅ​មុខ​បន្ត​ទៀត​ ប៉ុន្តែ សំណាង​មិន​ល្អ កូរ៉េខាងត្បូង បាន​យក​ឈ្នះ 2-1 លើ ព័រទុយហ្កាល់។

កូរ៉េខាងត្បូង និង អ៊ុយរូហ្កាយ មាន​ 4 ពិន្ទុ​ដូច​គ្នា​ និង​មាន​គ្រាប់បាល់ចំណេញ (goal difference) ស្មើ 0 ដូច​គ្នា​ ប៉ុន្តែ កូរ៉េខាងត្បូង ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទីពីរ ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ឈ្នះ​ច្រើន​ជាង​។ ដូច្នេះ អ៊ុយរូហ្កាយ ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​ដំបូង​នេះ​។

ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ Cavani ដាល់​រំលំ​អេក្រង់​ VAR ត្រូវ​បាន​គេ​ជឿ​ថា ព្រោះ​តែ​​អាជ្ញាកណ្ដាល​​មិន​បាន​ផ្លុំ​កញ្ចែ​​ពិន័យ​ប៉េណាំង​ទី នៅ​ក្នុង​ពេល Edinson Cavani ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៅ​នាទី​ថែម​ម៉ោង​ទីបី​៕

Leave a Reply

Your email address will not be published. Required fields are marked *