ការនាំចេញបន្លែ ផ្លែឈើរបស់ ប្រទេសថៃ ទៅកាន់ទីផ្សារភាគខាងត្បូងប្រទេសចិន នឹងកើនឡើងបន្តទៀត បន្ទាប់ពី ប្រទេសចិន បើកស្ថានីយត្រួតពិនិត្យជំងឺរាតត្បាតនៅក្នុងស្ថានីយរថភ្លើងល្បឿនលឿន Mohan។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ Jurin Laksanawisit ឱ្យដឹងថា អគ្គនាយកដ្ឋានគយចិន កាលពីថ្ងៃទី 30 វិច្ឆិកា បានបញ្ចប់ការត្រួតពិនិត្យចំពោះស្ថានីយគ្រប់គ្រងជំងឺឆ្លងនៅលើរុក្ខជាតិដែលមានទីតាំងនៅក្នុងស្ថានីយរថភ្លើង Mohan ដែលនេះនឹងអនុញ្ញាតឱ្យបន្លែ ផ្លែឈើរបស់ ថៃ នាំចូលទៅកាន់ ប្រទេសចិន តាមរយៈស្ថានីយនេះ។
ស្ថានីយគ្រប់គ្រងជំងឺឆ្លងលើបន្លឺផ្លែឈើនេះនឹងដំណើរការចាប់ពីថ្ងៃទី 30 ធ្នូ 2022 ចំខួបមួយឆ្នាំនៃថ្ងៃបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដែលភ្ជាប់ពី ប្រទេសឡាវ ទៅកាន់ ប្រទេសចិន។
យោងតាមលោក Jurin ផ្លូវរថភ្លើងល្បឿនលឿន Mohan ដែលរត់កាត់ប្រទេសឡាវ ទៅដល់ភាគខាងត្បូង ប្រទេសចិន នេះ នឹងជួយឱ្យ ប្រទេសថៃ ដឹកជញ្ជូនទំនិញបានលឿនជាង និងមិនសូវបង់ថ្លៃដឹកជញ្ជូន ដោយឆ្លងកាត់ខេត្ត Nongkhai ជាប់នឹងព្រំដែនរបស់ ប្រទេសឡាវ។
លោក Jurin និយាយថា ការដែល ចិន អនុញ្ញាតឱ្យនាំចូលបន្លែផ្លែឈើរបស់ ប្រទេសថៃ កាត់តាមស្ថានីយខាងលើ គឺជាការបើកឱ្យមានឱកាសថ្មីសម្រាប់អ្នកនាំចេញរបស់ប្រទេសទាំងពីរ។
ខេត្ត Yunnan ប្រទេសចិន គឺជាទីផ្សារមានសក្ដានុពលខ្លាំងសម្រាប់ ប្រទេសថៃ ក្នុងវិស័យស្បៀងអាហារ និងសេវាកម្ម ព្រោះថា នេះគឺជាខេត្តដែលនៅជិត ប្រទេសថៃ បំផុត និងមានការតភ្ជាប់ផ្លូវគោក និងផ្លូវរថភ្លើងល្បឿនលឿន ជាមួយនឹង តំបន់អាស៊ីអាគ្នេយ៍៕