នាខែកក្កដា ខាងមុខនេះ ក្រុមបាល់ទាត់យុវជនជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) នឹង ចេញទៅប្រកួតដណ្ដើមពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Championships 2017 នៅប្រទេសថៃ។ ខណៈដែលមកដល់ពេលនេះ ក្រុមកម្ពុជា កំពុងធ្វើការប្រមូលផ្ដុំកីឡាករហ្វឹកហាត់ត្រៀមយ៉ាងស្វាហាប់បំផុត។
បើយោងតាមទំព័រ Facebookរបស់ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា៖ ការប្រកួតពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Championships នឹងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ។ បេសកកម្មចូលរួមប្រកួតពានរង្វាន់ 2017 AFF U-15 Championships របស់ក្រុម U-15កម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមយុវជន U-15វៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ និងទីម័រខាងកើត ។ សម្រាប់ថ្ងៃបើកឆាក គឺក្រុម U-15កម្ពុជា ត្រូវប៉ះក្រុម U-15វៀតណាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ។
ការប្រមូលផ្ដុំនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានកោះហៅថ្នាលយុវជនខ្លួន ៥រូបទៅចូលរួមផងដែរ រួមមានកីឡាករ រឿន ដេវីត, ចឹម ណាវីន, កែ ណាខា, ប្រុស វុត្ថា និង រស់ ដារ៉ាពេជ្រ ដែលពួកគេនឹងចេញដំណើរទៅចូលរួមជាមួយក្រុមសាលាបាល់ទាត់ជាតិ នៅបាទីនាចុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U-15 Championships ដែលរៀបចំក្នុងខែកក្កដា ក៏ដូចជាពានរង្វាន់ AFC U-16 Championships នាអំឡុងខែកញ្ញា ខាងមុខនេះផងដែរ ៕