Soyeon ដែលជាអតីតសមាជិករបស់ក្រុមចម្រៀងកូរ៉េខាងត្បូង T-ara គឺជាភរិយារបស់កីឡាករខ្សែបម្រើ Cho Yu Min នៃក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ដែលទៅប្រកួតនៅ World Cup 2022។
បច្ចុប្បន្ន Soyeon កំពុងស្ថិតនៅ ប្រទេសកាតា ដើម្បីគាំទ្រ លើកទឹកចិត្តដល់ស្វាមី។ នៅពេល Cho Yu Min ហាត់ស៊ាំ ស្រីស្អាតរូបនេះ បាននាំម្ដាយបង្កើត និងម្ដាយក្មេកដើរទស្សនាប្រទេសកាតា។
Soyeon និង Cho Yu Min បានចុះឈ្មោះរៀបការនៅដើមខែវិច្ឆិកា ហើយគ្រោងនឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅក្នុងខែវិច្ឆិកា ប៉ុន្តែ ត្រូវប្ដូរទៅឆ្នាំក្រោយ ដោយសារតែ Cho Yu Min ត្រូវបានជ្រើសរើសទៅក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលត្រូវទៅប្រកួតនៅ World Cup 2022។
តារាចម្រៀង Soyeon អាយុ 35 ឆ្នាំ បង Yu Min រហូតដល់ 9 ឆ្នាំ ប៉ុន្តែ ត្រូវបានអ្នកគាំទ្រសរសើរថា សមគ្នា។ ពួកគេបានចាប់ផ្ដើមស្រលាញ់គ្នាតាំងពីឆ្នាំ 2019 និងទទួលបានការគាំទ្រពីគ្រួសារទាំងសងខាង។
Soyeon កើតឆ្នាំ 1987 មានតួនាទីជាសំឡេងចម្បងគេរបស់ T-ara កាលពីឆ្នាំ 2009 និងល្បីឈ្មោះដោយសារបទចម្រៀងមួយចំនួនដូចជា «Bo Peep Bo Peep», «Roly Poly», «Day bay day» ជាដើម។ មុនពេលមានឈ្មោះល្បីនៅ T-ara ស្រីស្អាត Soyeon គឺជាអ្នកហាត់ការរបស់ក្រុមហ៊ុន SM Entertainment និងធ្លាប់ជាប្រធានក្រុម SNSD ប៉ុន្តែ ក្រោយមកនាងបានចាកចេញពីក្រុមហ៊ុននេះដោយសារមូលហេតុផ្ទាល់ខ្លួន។
ក្រោយពីបានចាកចេញពីក្រុម T-ara ក្នុងឆ្នាំ 2017 នាង Soyeon ក៏បានបញ្ចេញ MV ជាច្រើន ក្នុងនោះមាន «They Are All The Same», «Interview»។ល។ ហើយនាងក៏បានចូលរួមច្រៀងបទចម្រៀងសម្រាប់ភាពយន្ត «Death Bell 2», «Gisaeng Ryeong» និង «Coffee House» របស់ទូរទស្សន៍ SBS ផងដែរ។
ក្រៅពីនេះ Soyeon ក៏ធ្លាប់បានសម្ដែងជាតួអង្គក្នុងភាពយន្តរឿង «Haeundae Lovers» របស់ទូរទស្សន៍ KBS2 ឆ្នាំ 2012 និង «Sweet Temptation» ឆ្នាំ 2015៕