បើទោះជាឈ្នះ កូស្តារីកា 4-2 នៅជុំចុងក្រោយនៃវគ្គចែកពូលកាលពីយប់ថ្ងៃទី 01 ធ្នូ ប៉ុន្តែ អាល្លឺម៉ង់ បានត្រឹមតែឈរលំដាប់ទី 3 ក្នុងពូល E ហើយត្រូវចាកចេញពី World Cup 2022។
អាល្លឺម៉ង់ ឈរនៅចំពោះមុខឱកាសដើរបន្ត នៅពេល អេស្ប៉ាញ នាំមុខ ជប៉ុន ដូចទៅនឹង អាល្លឺម៉ង់ នេះមុខ កូស្តារីកា។ ប៉ុន្តែ មកដល់តង់ទី 2 អេស្ប៉ាញ និង អាល្លឺម៉ង់ ត្រូវប៉ើងសំណាញ់ជាបន្តបន្ទាប់ និងត្រូវគេនាំមុខ 2-1។ លទ្ធផលនេះធ្វើឱ្យ អាល្លឺម៉ង់ និង អេស្ប៉ាញ ត្រូវខ្ទាតចេញពី World Cup 2022។
រហូតដល់ចុងតង់ទី 2 ទើប អាល្លឺម៉ង់ អាចកែប្រែស្ថានការណ៍។ ប៉ុន្តែ ជ័យជម្នះ 4-2 គ្រាន់តែអាចជួយឱ្យ អេស្ប៉ាញ ដើរបន្ត ដោយមិនអាចសង្គ្រោះ អាល្លឺម៉ង់ បាន នៅ World Cup 2022។ មានពិន្ទុ 4 ស្មើគ្នា ប៉ុន្តែ អាល្លឺម៉ង់ ត្រូវឈរក្រោយ អេស្ប៉ាញ ព្រោះតែការគណនាតាមរូបមន្តលេខ +1 ធៀបនឹង +6។ ជប៉ុន ឈរលើគេដោយរកបាន 6 ពិន្ទុ ព្រោះបានឈ្នះ អាល្លឺម៉ង់ និង អេស្ប៉ាញ ចំណែក កូស្តារីកា ឈរបាតតារាង ដោយមាន 3 ពិន្ទុ។
ដូច្នេះ អាល្លឺម៉ង់ មិនអាចឆ្លងផុតវគ្គចែកពូលនៅក្នុង 2 រដូវកាល World Cup បន្តបន្ទាប់ចុងក្រោយនេះ។ នៅលើទឹកដីរបស់ រុស្ស៊ី កាលពី 4 ឆ្នាំមុន អាល្លឺម៉ង់ ពេលនោះក៏ស្ថិតនៅបាតតារាង បន្ទាប់ពី កូរ៉េខាងត្បូង ម៉ិកស៊ីក និង ស៊ុយអែត។ មុននោះ អាល្លឺម៉ង់ សុទ្ធតែបានឆ្លងផុតវគ្គចែកពូលនៅក្នុង 16 រដូវកាលរបស់ World Cup រាប់ចាប់ពីឆ្នាំ 1954៕