ខែធ្នូខាងមុខ វិស័យគមនាគមន៍នៅ វៀតណាម នឹងបើកការដ្ឋានអនុវត្តគម្រោងស្ថាបនាផ្លូវល្បឿនលឿនឧត្ដរ-ទក្សិណចំនួន 12 ខ្សែ សម្រាប់ដំណាក់កាល 2021-2025។
ក្រសួងដឹកជញ្ជូនវៀតណាម កំពុងតែបង្ហើយនីតិវិធីដើម្បីបើកការដ្ឋានសម្រាប់កញ្ចប់គម្រោងទាំង 12 ដែលជាផ្នែកនានានៅក្នុងគម្រោងស្ថាបនាផ្លូវល្បឿនលឿនដែលតភ្ជាប់ភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង ដំណាក់កាល 2021-2025 ដែលមានទុនវិនិយោគសរុប 147,000,000,000,000 (147 ទ្រីលាន) ដុង ដែលប្រហែលនឹង 6 ពាន់លានដុល្លារអាម៉េរិក។
បណ្ដាគម្រោងផ្លូវល្បឿនលឿនខាងលើមានប្រវែងសរុបប្រមាណ 729 គីឡូម៉ែត្រ ដែលអូសបន្លាយពីភាគខាងជើង មកភាគខាងត្បូង។ បច្ចុប្បន្ន ការងារវាយតម្លៃ និងអនុម័តលើឯកសារស្ដីពីបច្ចេកទេស ការប៉ាន់ប្រមាណតម្លៃសម្រាប់កញ្ចប់ដេញថ្លៃគម្រោងទាំងនេះត្រូវបានធ្វើឡើងរួចរាល់ហើយ ដោយរង់ចាំតែការកំណត់ថ្ងៃសម្រាប់ការដេញថ្លៃការសាងសង់ និងការងារមួយចំនួនតូចទៀតប៉ុណ្ណោះ។
ខែធ្នូខាងមុខនេះ វិស័យគមនាគមន៍វៀតណាម ក៏នឹងជំរុញដំណើរការត្រៀមសម្រាប់ការបើកឱ្យប្រើប្រាស់ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនជើង-ត្បូងចំនួន 3 ខ្សែនៅភាគខាងជើង ភាគកណ្ដាល ភាគខាងត្បូងផងដែរ៕