រោងចក្រផលិតថ្មផ្ទុកថាមពលសម្រាប់ឡានអគ្គិសនីរបស់ក្រុមហ៊ុន BMW នៅ Debrecen គឺជាគ្រឹះសំខាន់នៅក្នុងកិច្ចប្រឹងប្រែងក្នុងការប្រកួតប្រជែងជាមួយនឹង Tesla។
BMW AG កំពុងតែបង្កើនទ្វេដងនូវខ្ទង់ប្រាក់វិនិយោគទៅលើរោងចក្រនៅ ហុងគ្រី ពោលគឺឡើងដល់ 2.1 ពាន់លានដុល្លារអាម៉េរិក។ ក្រុមហ៊ុននេះនឹងសាងសង់រោងចក្រដំឡើងថ្មតង់ស្យង់ខ្ពស់មួយទៀតដែលបង្កើតការងារបានជាង 500 កន្លែង។
យោងតាម BMW ការដែលដាក់រោងចក្រដំឡើងថ្មនៅទីក្រុង Debrecen របស់ ប្រទេសហុងគ្រី នេះ នឹងជួយឱ្យពួកគេមានភាពងាយស្រួលសម្រាប់កម្មភាពដឹកជញ្ជូនដើម្បីផលិតរថយន្តអគ្គិសនីជំនាន់បន្ទាប់។ ទាំងរថយន្ត ទាំងថ្ម គ្រោងនឹងត្រូវបានផលិតចាប់ពីចុងឆ្នាំ 2025 នៅរោងចក្រថ្មីនេះ។
រោងចក្រថ្មីនៅ Debrecen គឺជាគ្រឹះសំខាន់ក្នុងការប្រឹងប្រែងរបស់ BMW ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់ លោក អ៊ីឡុន ម៉ាស។ ដោយមានរោងចក្រថ្មី (ផលិតរថយន្តអគ្គិសនី) BMW កំណត់គោលដៅកាត់បន្ថយការចំណាយបានពាក់កណ្ដាលទៅលើសម្បករថយន្ត និងបង្កើនពេលវេលាផ្ទុកថាមពលរបស់ថ្ម ព្រមទាំងបង្កើនល្បឿនក្នុងការបញ្ចូលថាមពលថ្មីឱ្យបានលឿនជាងបច្ចុប្បន្ន 30% ធៀបនឹងម៉ូដែលសព្វថ្ងៃ។
BMW មានផែនការបញ្ចេញរថយន្តអគ្គិសនី 150,000 គ្រឿងជារៀងរាល់ឆ្នាំពីរោងចក្រនៅ Debrecen។ នេះនឹងក្លាយជារោងចក្រថ្មីដំបូងរបស់ពួកគេនៅ អឺរ៉ុប ក្នុងអំឡុង 2 ទសវត្សរ៍កន្លងមកនេះ៕