ដោយមានការត្អូញត្អែរពីសំណាក់ប្រជាពលរដ្ឋទូទៅ និងអ្នករស់នៅម្ដុំរង្វង់មូលកាំកូស៊ីធីជុំវិញផលលំបាកនៃការធ្វើចរាចរនៅម្ដុំនោះដែលមានការកកស្ទះខ្លាំងជារៀងរាល់ថ្ងៃ តែពេលនោះសាលារាជធានីភ្នំពេញបាន និងកំពុងដំណើរការលុបរង្វង់មូលនោះចោលហើយ។
ពាក់ព័ន្ធនឹងបញ្ហាដែលកើតមានឡើងនៅម្ដុំរង្វង់មូលកាំកូស៊ីធី មានប្រជាពលរដ្ឋជាច្រើនដែលមានផ្ទះនៅជិតខាងនោះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ដែរ បានសម្ដែងនូវអារម្មណ៍ធុញថប់ជាខ្លាំង ខណៈមានការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ និងមានរយៈពេលយូរៗបង្កឱ្យមានការខាតបង់ថវិកា និងពេលវេលាយ៉ាងច្រើន។ ពិសេសពួកគាត់ក៏ធ្លាប់បានសំណូមពរដល់អជ្ញាធរ ក៏ដូចជារដ្ឋបាលសាលារាជធានីឱ្យគិតគូរពីបញ្ហានេះជាច្រើនដងរួចមកហើយដែរ។
ជាក់ស្ដែងនៅក្នុងគេហទំព័ររបស់សាលារាជធានីភ្នំពេញកាលពីម្សិលមិញបានសរសេរថា៖«រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការការដ្ឋានលុបរង្វង់មូលកាំកូ និងដាក់ភ្លើងស្តុបជំនួសវិញ» ដូច្នេះមិនយូរទៀតនោះទេ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ម្ដុំរង្វង់មូលកាំកូស៊ីធី និងសប្បាយរីករាយជាមិនខានជាមួយនឹងការធ្វើដំណើរទៅមកយ៉ាងរលូន តាមរយៈការលុបរង្វង់មូលកាំកូស៊ីធីចោលទាំងស្រុងនេះ៕