មហាសេដ្ឋីចិន Jack Ma កំពុងតែរស់លាក់ខ្លួនដោយសប្បាយ កាត់បន្ថយវត្តមាននៅទីសាធារណៈក្នុងរយៈពេលជិត 6 ខែកន្លងនៅ រាជធានីរបស់ ប្រទេសជប៉ុន នេះបើតាម Financial Times។
Financial Times ដែលមានទីស្នាក់ការកណ្ដាលនៅ ក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Nikkei ជប៉ុន កាលពីថ្ងៃទី 29 វិច្ឆិកា បានចុះផ្សាយថា ក្នុងអំឡុងជិតកន្លះឆ្នាំដែលបានរស់នៅក្នុង រាជធានីតូក្យូ មហាសេដ្ឋី Jack Ma រួមនឹងគ្រួសារទៅកាន់តំបន់សម្រាកលំហែកាយនៅជាយក្រុងជាញឹកញាប់ ហើយជួនកាលទៅកាន់ សហរដ្ឋអាម៉េរិក និង អ៊ីស្រាអែល។
នៅ តូក្យូ ស្ថាបនិករបស់ Alibaba រស់នៅដោយស្ងាត់ស្ងៀម ចៀសវាងការចាប់អារម្មណ៍របស់សាធារណជន។ មហាសេដ្ឋីចិនរូបនេះ មានចុងភៅ និងក្រុមអង្គរក្សផ្ទាល់ខ្លួន។
លោក Jack Ma ប្រើប្រាស់សេវាកម្មនៅក្លឹបមួយចំនួននៅខណ្ឌ Ginza និងតំបន់ហិរញ្ញវត្ថុ Marunouchi។ ក្នុងនោះ ក្លឹបនៅ Ginza គឺជាទីកន្លែងសម្ងាត់សម្រាប់ក្រុមអភិជនចិន នៅពេលពួកគេស្នាក់នៅ ឬបំពេញបេសកកម្មរយៈពេលយូរនៅ រាជធានីរបស់ ជប៉ុន។
ប្រភពព័ត៌មានឱ្យដឹងថា មិត្តភ័ក្ដិរបស់លោក Ma នៅ ប្រទេសចិន និយាយថា មហាសេដ្ឋីរូបនេះចាប់ផ្ដើមទម្លាប់គូរគំនូរដើម្បី «សម្លាប់ពេលវេលា»។ អ្នកខ្លះថា លោក Ma កំពុងពង្រីកផលប្រយោជន៍ផ្នែកជំនួញរបស់គាត់នៅ ប្រទេសជប៉ុន។ លោក Ma បានផ្ទេរអំណាចក្នុងការគ្រប់គ្រងក្រុមហ៊ុន Alibaba និង Ant ទៅឱ្យមនុស្សជំនាន់ថ្មី។
មូលនិធិ Jack Ma និងក្រុមហ៊ុន Ant មិនបានឆ្លើយតបនឹងសំណើសុំបកស្រាយអំពីព័ត៌មានខាងលើនេះនៅឡើយ។
លោក Jack Ma អាយុ 58 ឆ្នាំ ធ្លាប់ជាមហាសេដ្ឋីលំដាប់ទីមួយនៅ ប្រទេសចិន។ លោក Ma គឺជាស្ថាបនិករបស់ Alibaba និង Ant Gourp ជាក្រុមហ៊ុនដែលមានវឌ្ឍនភាពឡើងដល់ចំណុចកំពូលក្នុងវិស័យឯកជន និងធ្លាប់ត្រូវបានវាយតម្លៃខ្ពស់ជាងបណ្ដាក្រុមហ៊ុននៅ សហរដ្ឋអាម៉េរិក លើកលែងតែ Apple, Amazon និង Google។
ក៏ប៉ុន្តែ អាជ្ញាធរចិន កាលពី 2 ឆ្នាំមុន បានចាប់ផ្ដើមបញ្ចេញឥរិយាបថរឹតបន្តឹងទៅលើបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងនោះ ក្រុមហ៊ុន Ant Group របស់លោក Ma ក៏ត្រូវបានផ្អាកដំណើរការ IPO ដែលមានតម្លៃ 37 ពាន់លានដុល្លារអាម៉េរិក ទៅតាមបញ្ជាផ្ទាល់របស់ ប្រធានាធិបតីចិន។
Alibaba ក៏ត្រូវបានអាជ្ញាធរចិន ពិន័យ 2.8 ពាន់លានដុល្លារអាម៉េរិក ដោយចោទថា បានរំលោភច្បាប់ប្រឆាំងការរកស៊ីផ្ដាច់មុខ។ មុននោះ លោក Ma ត្រូវបានគេសំគាល់ឃើញថា ជំទាស់នឹងការកំណត់ស្ដីពីបច្ចេកវិទ្យា និងហិរញ្ញវត្ថុរបស់ ប្រទេសចិន។
ចាប់តាំងពីពេលនោះមក លោក Jack Ma ហាក់បាត់ខ្លួនពីការតាមដានរបស់សាធារណជន ហើយកន្លែងស្នាក់នៅរបស់លោកបានក្លាយជាប្រធានបទដែលមានមនុស្សចាប់អារម្មណ៍ច្រើន៕