អតីតតារាបាល់ទាត់ David Beckham ត្រូវបានគេជឿថា បានស្នាក់នៅក្នុងបន្ទប់មួយដែលត្រូវបានគេប្រៀបប្រដូចទៅនឹង «សណ្ឋាគារក្នុងសណ្ឋាគារ» ដោយមានតម្លៃ 24,000 ដុល្លារអាម៉េរិក/យប់ នៅពេលគាត់ស្ថិតនៅក្នុង ប្រទេសកាតា ដើម្បីតាមដាន World Cup 2022។
ទំព័រ Daily Mail កាលពីថ្ងៃទី 28 វិច្ឆិកា បានឱ្យដឹងថា អតីតកីឡាករជម្រើសជាតិអង់គ្លេស វ័យ 47 ឆ្នាំរូបនេះ បានស្នាក់នៅជិតមួយសប្ដាហ៍ ក្នុងសណ្ឋាគារ Mandarin Oriental នៅ រដ្ឋធានីដូហា ប្រទេសកាតា។
លោក David Beckham ស្នាក់នៅបន្ទប់ suite Baraha View ដែលស្ថិតនៅជាន់ខ្ពស់បំផុតរបស់សណ្ឋាគារ និងមានកន្លែងហូបចុកដោយឡែក អ្នកបម្រើដោយឡែក មានទីលាន និងអាងហែលទឹកដោយឡែក។ល។
បន្ទប់ប្រភេទខាងលើនេះ មានតម្លៃរហូតដល់ 24,000 ដុល្លារអាម៉េរិក សម្រាប់ការស្នាក់នៅមួយយប់។ ក៏ប៉ុន្តែ Beckham បានចាកចេញពីបន្ទប់នេះកាលពីចុងសប្ដាហ៍កន្លង ក្រោយពីមានលេចឮព័ត៌មានស្ដីពីទីកន្លែងស្នាក់នៅរបស់គាត់នៅលើបណ្ដាញសង្គម៕