(ភ្នំពេញ) – កម្ពុជា មានរោងចក្រសរុបកើនដល់ 1,968 រោងចក្រ និងមានទុនវិនិយោគសរុប ប្រមាណជាង 16 ពាន់លានដុល្លារអាមេរិក គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា 2022 នេះបើតាមការឱ្យដឹងនាថ្ងៃនេះរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
យោងតាម ឯកឧត្តម ហេង សុខគង់ បច្ចុប្បន្ន កម្ពុជា មានរោងចក្រសរុបឡើងដល់ 1,968 រោងចក្រ ក្នុងនោះមានការចុះបញ្ជីរោងចក្រថ្មីចំនួន 161 រោងចក្រ រាប់ចាប់ពីដើមឆ្នាំ 2022 ដល់ពាក់កណ្ដាលខែវិច្ឆិកា 2022។ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បញ្ជាក់ថា ទុនវិនិយោគសរុបរបស់រោងចក្រទាំងនោះ មានជាង 16 ពាន់លានដុល្លារ ច្រើនជាងប្រមាណ 3 ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ 2021។
នៅក្នុងឆ្នាំ 2022 នេះ កម្ពុជា មានរោងចក្រត្រូវបិតទ្វារចំនួន 72 រោងចក្រ ប៉ុន្តែ នេះគឺជាដំណឹងល្អមួយ ព្រោះថា តួលេខនេះទាបជាងឆ្ងាយ បើធៀបទៅនឹង ១៤៨ រោងចក្រដែលត្រូវបានបិទទ្វារកាលពីឆ្នាំ 2021 នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក៕