ភ្នំពេញ៖ ថ្ងៃទី13 តុលា ឆ្នាំ2018 ម្សិលមិញនេះ ជាថ្ងៃគម្រប់ខូបលើកទី13 ដែលកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ក្នុងរយៈពេល13ឆ្នាំកន្លងមកនេះ ក្នុងនាមកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដែលមានសមាជិក 164ប្រទេស និងមានប្រទេសចំនួន 33 ផ្សេងទៀតកំពុងតម្រង់ជួរសុំចូលជាសមាជិក។
បើតាមសាររបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា សមិទ្ធផលមួយចំនួនក្នុងចំណោមសមិទ្ធផលធំៗជាច្រើនដែលបានសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសមាជិកភាពក្នុងរយៈពេល13ឆ្នាំកន្លងមកនេះរួមមាន៖
- រក្សា និងបង្កើនការវិនិយោគលើវិស័យនានា ពិសេសវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានត្រឹមតែ 209រោងចក្រនៅក្នុងឆ្នាំ2003 និងមានកម្មករត្រឹមតែ25ម៉ឺននាក់ ហើយប្រាក់ឈ្នួលអប្បបរមាត្រឹមតែ45ដុល្លារក្នុងមួយខែនោះ បច្ចុប្បន្នបានកើនឡើងរហូតដល់556រោងចក្រ កម្មករកើនឡើងដល់65ម៉ឺននាក់ ជាកម្មការិនី88% និងប្រាក់ឈ្នួលអប្បបរមាកើនឡើងដល់ 170ដុល្លារ ដោយមិនរួមបញ្ចូលប្រាក់ថ្លៃធ្វើដំណើរ និងអត្ថប្រយោជន៍ផ្សេងៗចំនួន 17ដុល្លារទៀតផង។
- WTO បានបើកច្រកទីផ្សារនាំចេញជាច្រើនប្រទេសធ្វើឱ្យការនាំចេញទូទៅបានកើនឡើង2ពាន់លានដុល្លារ ក្នុងឆ្នាំ2003 ទៅចំនួនជាង10ពាន់លានដុល្លារក្នុងឆ្នាំ2017 (តាមស្ថិតិរបស់អង្គការពាណិជ្ជកម្មអន្តរជាតិ)។
- រក្សាបានកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់ជាងគេ ក្នុងរង្វង់7% គិតជាមធ្យមធៀបនឹងកំណើនរបស់ប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងៗ ក្នុងចន្លោះពី2004 ដល់2017។
- អតិផរណាបានធ្លាក់ចុះពី5.5%ក្នុងឆ្នាំ2011 មកនៅត្រឹម1.2% នៅឆ្នាំ2015ផងដែរដោយសារមានគោលនយោបាយជាតិច្បាស់លាស់។
- អត្រានៃភាពក្រីក្របានធ្លាក់ចុះពី47.8% នៅឆ្នាំ2007 មកនៅ13.5%ក្នុងឆ្នាំ2014ហើយកម្ពុជាក៏ទទួលបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ2015ផងដែរ ដែលក្នុងនោះមានចំណូលសរុបចំនួន 1,070 ដុល្លារសម្រាប់ប្រជាជនម្នាក់។
- សមាជិកភាពរបស់កម្ពុជា ក្នុងអង្គការពាណិជ្ជកម្មពិភពលោកបានផ្តល់នូវសិទ្ធិស្មើគ្នាជាមួយប្រទេសជាសមាជិកទាំងអស់ក្នុងការពិគ្រោះយោបល់ ពិភាក្សា ដោះស្រាយវិវាទ និងធ្វើការសម្រេចចិត្តនានារបស់អង្គការនេះ។
- កម្ពុជាក៏ទទួលបានផងដែរនូវជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល ពីអង្គការពាណិជ្ជកម្មពិភពលោក និងទទួលបានជំនួយសម្រាប់អភិវឌ្ឍពាណិជ្ជកម្មជាដើម។ល។
- បានដើរតួនាទីជាប្រធានក្រុមសម្របសម្រួល នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីខែកុម្ភៈ ឆ្នាំ2017កន្លងទៅ ដែលបាន និងកំពុងជួយជំរុញដល់ការចរចានានា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
សូមជម្រាបថា ក្នុងចន្លោះឆ្នាំ2007ដល់2017 កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្ស កែទម្រង់ស្ថាប័ន និងរចនាសម្ព័ន្ធ កសាងលិខិតបទដ្ឋានច្បាប់ និងសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានជួយសម្របសម្រួល និងទាក់ទាញការវិនិយោគពីបណ្តាប្រទេសជាច្រើនមកកម្ពុជា។ សមិទ្ធផលទាំងអស់នេះបាន និងកំពុងកំពុងជួយដល់ការពង្រីកកំណើនសេដ្ឋកិច្ច បង្កើតការងារជូនប្រជាជនកម្ពុជា ព្រមទាំងជួយលើកតម្កើងកិត្យានុភាព និងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិទៀតផង៕