មុនឆ្នាំ 2015 Mona Mejia គឺជាអ្នកម្ដាយ និងមេផ្ទះដែលមើលថែកូន 3 នាក់ នៅក្នុងទីក្រុង Houston ប៉ុន្តែបច្ចុប្បន្ន ក្នុងវ័យ 44 ឆ្នាំ នាងអាចរកបាន 735,000 ដុល្លារអាម៉េរិក (ជាង 3 ពាន់លានរៀល) ក្នុងមួយឆ្នាំ ដោយប្រកបរបររកស៊ីនៅផ្ទះ នេះបើតាម Insider។
Mona Mejia លក់ខោអាវ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងប្រដាប់លេងទាំងចាស់ ទាំងថ្មី តាមរយៈបណ្ដាញសង្គម។ ដំបូង Mona Mejia លក់តែរបស់ចាស់ៗដែលនាងមាន ហើយក្រោយមកយកប្រាក់បន្តិចបន្ដួចនោះទៅទិញខោអាវដែលក្រុមហ៊ុន ឬម្ចាស់ហាងលក់លាងឃ្លាំង ឬសល់ក្នុងឃ្លាំងច្រើន យកមកលក់វិញក្នុងតម្លៃថ្លៃជាង។
ឆ្នាំ 2015 គ្រួសាររបស់ Mejia ត្រូវការប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព។ បន្ទាប់ពីមានការណែនាំពីបងស្រី Mejia ក៏បានចាប់ផ្ដើមដាក់លក់របស់របរដែលនាងមាននៅលើថ្នាល Poshmark។ លើកដំបូង Mejia លក់បានរ៉ូបមួយតម្លៃ 36 ដុល្លារ ក្រោយពីបើកគណនីបាន 11 ម៉ោង។ ពេលចាប់ផ្ដើមដាក់លក់ទំនិញច្រើនជាងមុន នាងដឹងថា ទាំងអស់សុទ្ធតែលក់ដាច់ក្នុងរយៈពេលដ៏ខ្លី ហើយបានប្រាក់ភ្លាមៗ។
ពីរឆ្នាំក្រោយមក ស្វាមីរបស់ Mejia ត្រូវវះកាត់ព្យាបាលបេះដូង។ ពេលនោះ Mejia ត្រូវរកប្រាក់តែឯងដើម្បីចិញ្ចឹមគ្រួសារ។ នាងក៏ចាប់ផ្ដើមដាក់លក់ទំនិញនៅលើថ្នាលបច្ចេកវិទ្យាផ្សេងៗគ្នា និងរកបានប្រហែល 1,000 ដុល្លាររៀងរាល់សប្ដាហ៍។ អំឡុងពេលនោះ Mejia រកបានប្រាក់ខ្ទង់ 50,000 ដុល្លារ/ឆ្នាំ។
ក៏ប៉ុន្តែ រហូតដល់ជិតមួយឆ្នាំមុន នៅពេល Mejia ចាប់ផ្ដើមលក់នៅក្នុងការឡាយ (live) តាម Instagram, TikTok និង Facebook ទើបការរកស៊ីប្រកបដោយជោគជ័យរបស់នាងបាន «ផ្ទុះឡើង» ពិតប្រាកដ។
Mejia សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទំនិញនានាដើម្បីទទួលបានតម្លៃទាបជាងទីផ្សារ។ យុទ្ធសាស្ត្រនេះបានជួយឱ្យនាងមានប្រៀបជាងគូប្រជែងដទៃ។ Mejia ក៏ថែមទាំងអាចរកបានប្រាក់ពីក្រុមហ៊ុននានា នៅពេលនាងស្លៀកពាក់ឈុតដែលស្នើដោយក្រុមហ៊ុនទាំងនោះ នៅពេលឡាយវីដេអូតាមបណ្ដាញសង្គម។
កាលពីឆ្នាំ 2021 Mejia ធ្លាប់រកបានប្រាក់ចំណូល 735,000 ដុល្លារ ពីមុខជំនួញ និងការសហការរវាងនាង និងបណ្ដាក្រុមហ៊ុនសម្លៀកបំពាក់។
បើទោះជាការដែលមានមនុស្សតាមដានច្រើនលើបណ្ដាញសង្គម អាចនាំមកនូវអត្ថប្រយោជន៍ក្នុងការលក់ទំនិញ ប៉ុន្តែ អ្នកអាចចាប់ផ្ដើមពីពេលនេះបាន មិនបាច់រង់ចាំដល់ល្បីឈ្មោះនោះទេ នេះបើតាម Mona Mejia។
ប្រាក់ចំណូលរបស់ Mejia បានកើន 30% ក្នុងរយៈពេល 6 ខែកន្លងទៅ។ នាងក៏មានផែនការបើកហាងលក់រាយ «pop up» មួយនៅឆ្នាំក្រោយ នៅក្នុងទីក្រុង Houston សហរដ្ឋអាម៉េរិក៕