(ប្រទេសចិន) – ផ្លូវអណ្ដែតលើផ្ទៃទឹកទន្លេប្រវែង 500 ម៉ែត្រ នៅក្នុងខេត្ត Hubei ត្រូវបានសាងសង់ឡើងពីទូយោជ័រទន់ polyethylene មិនមានសសរទ្រ ប៉ុន្តែ អាចឱ្យរថយន្តបរពីលើបានយ៉ាងស្រួល។
ស្ពានអណ្ដែតគ្មានទម្រ Shiziguan ស្ថិតនៅក្នុងស្រុក Xuan’en ខេត្ត Hubei ប្រទេសចិន។ ផ្លូវនេះត្រូវបានស្ថាបនាលើផ្ទៃទឹកទន្លេមួយនៅក្នុងតំបន់ខាងលើ និងមានជម្រៅប្រហែល 60 ម៉ែត្រ។
ផ្លូវអណ្ដែតខាងលើ ថ្មីៗនេះទទួលបានចំណាប់អារម្មណ៍ច្រើន នៅពេលអ្នកលេងបណ្ដាញសង្គមចែករំលែកតៗគ្នាអំពីទិដ្ឋភាពរថយន្តបើកបរឆ្លងកាត់តាមផ្លូវនេះ។ ទិដ្ឋភាពក្នុងវីដេអូបង្ហាញថា ផ្លូវនេះធ្វើចលនាឡើងចុះ ប្រៀបដូចសត្វនាគកំពុងហែលលើផ្ទៃទឹកទន្លេដែលស្ថិតនៅកណ្ដាលព្រៃភ្នំ។
ផ្លូវអណ្ដែតលើទឹកនេះមានប្រវែង 500 ម៉ែត្រ និងទទឹង 4.5 ម៉ែត្រ។ ថ្វីបើមិនមានសសរ ប៉ុន្តែស្ពានដែលត្រូវបានសាងសង់ពីជ័រ polyethylene មួយខ្សែនេះនៅតែរក្សាលំនឹងបានល្អ និងទ្រាំបានទម្ងន់របស់មនុស្ស 10,000 នាក់ដែលឈរពីលើក្នុងពេលតែមួយ។
ដើម្បីចៀសវាងការបង្កឱ្យមានរលកធំៗដែលប៉ះពាល់ដល់ទន្លេ ក៏ដូចជាសុវត្ថិភាពរបស់មនុស្ស ល្បឿននៃការបើកបររថយន្តលើដងផ្លូវអណ្ដែតនេះ ត្រូវបានកំណត់។
អ្នកគ្រប់គ្រងផ្លូវអណ្ដែតលើទឹក Shiziguan បានឱ្យដឹងថា មនុស្សជាង 350,000 នាក់បានមកលេងស្ពាននេះនៅក្នុងរយៈពេល 10 ខែដើមឆ្នាំ 2022៕