ភាគច្រើន មុខម្ហូបសាច់គោបំពងល្ងសនេះ ហាក់មិនត្រូវបានគេនិយមទទួលទានជាមួយអាហារប្រចាំពេលនោះទេ ប៉ុន្តែបើជាមុខម្ហូបសម្រាប់ទទួលទានក្នុងនាមជាគ្រឿងក្លែមវិញនោះ គឺពិតជាមានប្រជាប្រិយភាពខ្ពស់ ដែលស្ទើរតែគ្រប់ភោជនីយដ្ឋានទាំងអស់សុទ្ធតែមានមុខម្ហូបមួយនេះនៅក្នុងសៀវភៅរាយនាមមុខម្ហូបជានិច្ច ។ ចង់ដឹងទេថា អាហារដែលមានការពេញនិយមខ្ពស់មួយមុខនេះ មានវិធីធ្វើយ៉ាងណាខ្លះ ? បើចង់ជ្រាប សូមបន្តការអានរបស់លោកអ្នកជាមួយរៀបរាប់ និងបង្ហាញជូនពីសំណាក់ចុងភៅប្រចាំភោជនីយដ្ឋាន Cow boy ដូចខាងក្រោម ។
គ្រឿងផ្សំ ៖
- សាច់គោ
- ល្ង ស
- អំបិល
- ម្រេច
- ម្សៅស៊ុបខ្នរ
- ពងមាន់ (ផ្នែកស)
- ម្សៅបំពង
- ស្លឹកក្រូចសើច
- ជ្រក់ឆៃថាវ
- ប្រេងឆា
វិធីចម្អិន ៖ សម្រាប់វិធីចម្អិនម្ហូបមួយមុខនេះគឺកាន់តែងាយស្រួល ដោយគ្រាន់តែយកសាច់គោហាន់ជាបន្ទះស្តើងល្មម ហើយប្រឡាក់ជាមួយគ្រឿងផ្សំដែលរួមមាន អំបិល ម្រេច ពងមាន់ ម្សៅស៊ុបខ្នរ ម្សៅបំពង ល្ងស ហើយយកទៅបំពងជាមួយប្រេងឆាដែលកំពុងក្ដៅ។ នៅពេលឃើញថា សាច់គោឆ្អិនល្មម ឡើងពណ៌ក្រហមហើយនោះ ត្រូវបន្ថែមស្លឹកសើចបំពងរួមគ្នាមួយសន្ទុះ ស្រង់ចេញទុកឱ្យស្ងួតប្រេង រួចរៀបដាក់លើចានដូចក្នុងរួមភាពជាស្រេច។ ដោយឡែកនៅពេលទទួលទាន លោកអ្នកអាចយកជ្រក់ឆៃថាវ ឬអំបិលម្រេចក្រូចឆ្មារមកធ្វើជាគ្រឿងផ្សំរសជាតិកាន់តែប្រសើរ៕