កម្ពុជា ប្ដេជ្ញាចិត្តជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានយ៉ាងតិច 40% និង ម៉ូតូអគ្គិសនីយ៉ាងតិច 70% នៅឆ្នាំ 2050 នេះបើតាម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
ប្រសាសន៍ខាងលើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានលើកឡើងនៅក្នុងកម្មពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations) នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី 29 វិច្ឆិកា 2022។
ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រកាសថា កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ អង្គការសហប្រជាជាតិ ស្ដីពីការកាត់បន្ថយសកម្មភាពបំភាយឧស្ម័នកាបូន ហើយ កម្ពុជា ប្ដេជ្ញាចិត្តជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានយ៉ាងតិច 40% និង ម៉ូតូអគ្គិសនីយ៉ាងតិច 70% នៅឆ្នាំ 2050។
លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីមូលហេតុធំៗមួយចំនួនដែលពលរដ្ឋគ្រប់រូបគួរតែងាកមកប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនី ក្នុងនោះមានដូចជា ការកាត់បន្ថយការបំពុលបរិស្ថាន ដែលល្អសម្រាប់សុខភាព ការកាត់បន្ថយការចំណាយបានច្រើនធៀបនឹងយានយន្តចំហេះក្នុងជាដើម។ ជាងនេះ កម្ពុជា ក៏បន្ថយពន្ធនាំចូលរហូតដល់ 50% ផងដែរ សម្រាប់យានយន្តអគ្គិសនី។
ប្រមុខដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកជាឧទាហរណ៍ជាក់ស្ដែងថា ក្នុងចម្ងាយផ្លូវ 400 គីឡូម៉ែត្រដូចគ្នា អ្នកជិះរថយន្តសាំងនឹងត្រូវចំណាយប្រាក់អស់ 60 ដុល្លារអាម៉េរិក ខណៈអ្នកប្រើប្រាស់រថយន្តអគ្គិសនីត្រូវចំណាយអស់តែ 20 ដុល្លារប៉ុណ្ណោះសម្រាប់ការចាក់សាំង និងការបញ្ចូលថាមពលអគ្គិសនី។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍បញ្ជាក់ថា ចំនួនរថយន្តអគ្គិសនីដែលបានចុះឈ្មោះនៅ កម្ពុជា បច្ចុប្បន្នមានរហូតដល់ 556 គ្រឿង ច្រើនជាង 11 ដង ធៀបនឹង 45 គ្រឿងកាលពីឆ្នាំ 2021។ ចំណែកស្ថានីយបញ្ចូលថាមពលអគ្គិសនីសម្រាប់យានយន្តអគ្គិសនីវិញ នៅទូទាំងប្រទេស បច្ចុប្បន្នមាន 8 កន្លែង ប៉ុន្តែ ក្រសួងសាធារណការ អះអាងថា ចំនួននេះនឹងកើនឡើងដល់រាប់រយកន្លែងនៅឆ្នាំក្រោយ បន្ទាប់ពីមានគម្រោងវិនិយោគរបស់ ក្រុមហ៊ុនចិន BYD និង EV Energytech ។ល។