តម្លៃប្រេងឆៅរបស់ពិភពលោក ក្នុងការជួញដូរនៅថ្ងៃដើមសប្ដាហ៍ បានបន្តថយចុះមកនៅទាបបំផុតក្នុងរង្វង់ 11 ខែកន្លង ដោយសារតែតម្រូវការប្រើប្រាស់ថយចុះ និងការរំពឹងដែលថា ប្រភពផ្គត់ផ្គង់ត្រូវបានកែលំអ។
យោងតាម Reuters ប្រេង Brent ធ្លាក់ថ្លៃ 2.6% នៅក្នុងការជួញដូរក្នុងថ្ងៃដើមសប្ដាហ៍ ចុះមកនៅទាបបំផុតរាប់ចាប់ពីខែមករា 2022 ខណៈដែលប្រេង WTI ធ្លាក់ថ្លៃមកនៅទាបបំផុតរាប់ចាប់ពីចុងខែធ្នូ 2021។ មុននោះ តម្លៃរបស់ប្រេងឆៅទាំងពីរប្រភេទខាងលើបានធ្លាក់ចុះជាបន្តក្នុងសប្ដាហ៍ទី 3 ព្រោះតែមានការបារម្ភអំពីតម្រូវការប្រើប្រាស់របស់ ប្រទេសចិន និងផែនការកំណត់តម្លៃពិតានរបស់បណ្ដាប្រទេសលោកខាងលិច ចំពោះប្រេងរបស់ ប្រទេសរុស្ស៊ី។
ទន្ទឹមនឹងនេះ ការងើបឡើងនៃតម្លៃរូបិយវត្ថុដុល្លារអាម៉េរិក និងពាក្យចចាមអារ៉ាមដែលនិយាយថា អង្គការបណ្ដាប្រទេសនាំចេញប្រេង និងដៃគូសហការ (OPEC+) នឹងបង្កើនការផលិតប្រេង ក្រោយកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃទី 04 ធ្នូខាងមុខ ក៏រួមចំណែកធ្វើឱ្យប្រេងធ្លាក់ថ្លៃផងដែរ៕