តាមផែនការ ផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រើប្រាស់រួមរបស់គម្រោងកំពង់ផែថ្មី Lien Chieu នៅភាគកណ្ដាលរបស់ ប្រទេសវៀតណាម នឹងចាប់ផ្ដើមការស្ថាបនានៅចុងឆ្នាំ 2022 ដោយមានទុនវិនិយោគជាង 3.4 ទ្រីលានដុង។
យោងតាមព័ត៌មានដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ ក្រសួងដឹកជញ្ជូនវៀតណាម កាលពីថ្ងៃទី 27 វិច្ឆិកា គម្រោងសាងសង់ខាងលើនេះគឺជាសមាសភាគ A ក្នុងចំណោមសមាសភាគចំនួន 2 របស់គម្រោងវិនិយោគសាងសង់កំពង់ផែ Lien Chieu ដែលមានទីតាំងស្ថិតក្នុងទីក្រុង Da Nang នៅភាគកណ្ដាលប្រទេស។
ខ្ទង់ប្រាក់វិនិយោគសម្រាប់គម្រោងសមាសភាគ A ដែលឡើងដល់ជាង 3.4 ទ្រីលានដុង ប្រហែលនឹង 137 លានដុល្លារអាម៉េរិកនេះគឺជាការបណ្ដាក់ទុនរបស់រដ្ឋ។ ចំណែកសមាសភាគ B របស់គម្រោងកំពង់ផែ Lien Chieu ទាំងមូល នឹងមានទំហំ 44 ហិកតា ដែលជាការវិនិយោគរបស់វិស័យឯកជន។
កំពង់ផែ Lien Chieu គឺជាកំពង់ផែមួយក្នុងចំណោមកំពង់ផែទឹកជ្រៅចំនួន 3 របស់ វៀតណាម។ កំពង់ផែ Lien Chieu ដែលនឹងចាប់ផ្ដើមការសាងសង់នៅថ្ងៃទី 14 ធ្នូ 2022 ខាងមុខ នឹងទទួលកប៉ាល់កុងតឺន័រដែលអាចដឹកបានពី 6,000 ទៅ 8,000 TEU៕