Skip to content

គម្រោង​បង្កើត​សណ្ឋាគារ និង​រោងចក្រ​ថ្មី​ចំនួន 4 មាន​ទុនវិនិយោគ​ជិត 172 លាន​ដុល្លារ ទទួលបាន​ការអនុម័ត​រួចហើយ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​រសៀល​ថ្ងៃទី 28 វិច្ឆិកា 2022 នេះ បានប្រកាសថា សំណើសុំ​វិនិយោគ​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ 5 មួយកន្លែង រួម​នឹង​គម្រោង​បង្កើត​រោងចក្រ​ថ្មី 3 កន្លែង​ទៀត ត្រូវ​បានផ្ដល់​អាជ្ញាប័ណ្ណ​រួចហើយ។

យោងតាម គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​វិនិយោគ​លើ​សណ្ឋាគារ​ផ្កាយ 5 ដែលមាន 582 បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក៏ដូចជា​មណ្ឌល​កម្សាន្ត​របស់​ក្រុមហ៊ុន MARITIME CITY CO., LTD ដែល​ទើបត្រូវ​បានផ្ដល់​វិញ្ញ​បន​ប​ត្រ​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺមាន​ទីតាំង​ស្ថិតនៅ​ភូមិ 2 សង្កាត់​លេខ 3 ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​ទុនវិនិយោគ​ប្រមាណ 164.4 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ជិត 1,500 កន្លែង។

ក្រៅពី​គម្រោង​សណ្ឋាគារ​ខាងលើ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​រសៀល​នេះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា បាន​ចេញ​វិញ្ញាបនបត្រ​ជូន​ក្រុមហ៊ុន​ចំនួន 3 ផ្សេងទៀត ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈប្រើប្រាស់ រួមមាន ៖

ក្រុមហ៊ុន ONEPLUS NEW MATERIAL TECHNOLOGY CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ប្លា​ស្ទិ​ក គ្រឿង​តំណ​បំពង់​ទីប​ជ័រ​គ្រប់​ប្រភេទ និង​គ្រឿង​បន្ទាប់បន្សំ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 5.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 70 កន្លែង។

ក្រុមហ៊ុន JINLAI TEXTILES CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​ភួយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 100 កន្លែង។

ក្រុមហ៊ុន XINJINCAI PLASTIC (CAMBODIA) CO., LTD. ៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ធ្វើ​ពី​ប្លា​ស្ទិ​ក ស្កុ​ត និង​ស្ទិ​ក​ឃ័​រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន 1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ 80 កន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *