(សហរដ្ឋអាម៉េរិក) – ទឹកប្រាក់ 300,000 ដុល្លារអាម៉េរិក គឺគ្រប់គ្រាន់សម្រាប់ទិញផ្ទះមួយខ្នងដ៏ស្រស់ស្អាត និងធំទូលាយនៅ កម្ពុជា ប៉ុន្តែ ចំនួនទឹកប្រាក់នេះអាចទិញបានតែកន្លែងចតឡានមួយប៉ុណ្ណោះនៅទីក្រុង New York សហរដ្ឋអាម៉េរិក។
ទីក្រុង New York ថ្មីៗនេះបានក្លាយជាទីដែលការចំណាយលើការចតឡាន មានកម្រិតខ្ពស់ជាងគេបំផុតលើពិភពលោក។ យោងតាម Parkopedia ជាមធ្យម ម្ចាស់ឡាននៅទីនេះនឹងត្រូវបង់ថ្លៃប្រហែល 43.1 ដុល្លារសម្រាប់ការចតឡាន 2 ម៉ោង ហើយថ្លៃចតឡានប្រចាំថ្ងៃគឺប្រហែល 52.65 ដុល្លារ/8 ម៉ោង។
ក៏ប៉ុន្តែ CNBC បែរជាបានឱ្យដឹងថា ខាងលើនេះគ្រាន់តែជាតម្លៃនៅតាមទីតាំងផ្ញើឡានបែបប្រពៃណីប៉ុណ្ណោះ។ ចំពោះទីតាំងចតឡានបច្ចេកវិទ្យាខ្ពស់នៅ New York ខ្ទង់ប្រាក់ដែលអាចកាន់កាប់កន្លែងចតឡានមួយបាន គឺចាប់ពី 300,000 ដល់ 600,000 ដុល្លារអាម៉េរិក/មួយកន្លែង។
យោងតាម CNBC មូលហេតុមួយក្នុងចំណោមកាតាដែលនាំឱ្យទីតាំងចតឡាននេះមានតម្លៃខ្ពស់គឺដោយសារវាត្រូវបានសាងសង់ឡើងសម្រាប់តែក្រុមអភិជនដែលស្នាក់នៅក្នុងអគារប្រណិត។
កាលពីដើមខែនេះ អ្នកស្រី Lori Alf (អាយុ 50 ឆ្នាំ) បានទិញខុនដូ 2 ជាន់ក្នុងតម្លៃ 9.45 លានដុល្លារ នៅ Manhattan (New York) និងទទួលបានកាដូអមមួយដែលជាកន្លែងចតឡានមួយកន្លែងតម្លៃ 300,000 ដុល្លារ នៅក្នុងទីតាំងចតឡានបច្ចេកវិទ្យាខ្ពស់របស់អគារ។
យោងតាមអ្នកស្រី Lori នេះគឺជាខ្ទង់ប្រាក់ដ៏សមស្រប ព្រោះថាពេលនេះ នៅពេលសមាជិកណាម្នាក់ក្នុងគ្រួសារ ត្រូវការកន្លែងចតឡាន ពួកគេគ្រាន់តែបើកឡានចូលទៅក្នុងទីលានរង់ចាំ ស្កេនកាត ID និងចុះពីលើឡាន។ ក្រោយមក ការងារដែលនៅសល់បន្ទាប់នឹងត្រូវបានប្រគល់ឱ្យរ៉ូបូត៕