Abubakr Abbass ក្លាយជាបាតុភូតលេចធ្លោនៅលើបណ្ដាញសង្គម ដោយសារតែវិធីបង្ហាញផ្លូវប្រកបដោយភាពសប្បាយរីករបស់គាត់ សម្រាប់អ្នកគាំទ្របាល់ទាត់នៅពេលទៅមើល World Cup នៅ កាតា។
អង្គុយនៅលើកៅអីសម្រាប់អាជ្ញាកណ្ដាលនៃកីឡាវាយកូនបាល់ (tennis) និងកាន់ស្លាកបង្ហាញផ្លូវដែលមានរូបរាងជាម្រាមដៃ Abubakr Abbass គឺជាអ្នកបង្ហាញផ្លូវម្នាក់សម្រាប់ភ្ញៀវដែលមកពីផ្សារ Souq Waqif នៅ រដ្ឋធានីដូហា ប្រទេសកាតា ទៅកាន់ស្ថានីយរថភ្លើងអគ្គិសនីក្រោមដីនៅក្បែរនោះ។
«ស្ថានីយរថភ្លើងអគ្គិសនីក្រោមដី? ផ្លូវនេះ។ ស្ថានីយរថភ្លើងអគ្គិសនីក្រោមដី? ផ្លូវនេះ» (Metro? This way) Abbass វ័យ 23 ឆ្នាំ មកពី កេនយ៉ា និយាយដាក់ប្រដាប់បំពងសំឡេងជាបន្តបន្ទាប់ដូច្នេះ។
សកម្មភាពបង្ហាញផ្លូវដ៏សប្បាយរីករាយរបស់ Abbass បាននាំឱ្យមនុស្សម្នាមានការចាប់អារម្មណ៍ខ្លាំង។ នៅពេល Abbass និយាយថា «ស្ថានីយរថភ្លើងអគ្គិសនីក្រោមដី?» ភ្ញៀវទាំងឡាយក៏ស្រែកហ៊ោតាមថា «ផ្លូវនេះ»។
នៅលើបណ្ដាញសង្គម គេឃើញមានការបង្ហោះវីដេអូបង្ហាញពីសកម្មភាពរបស់ Abbass ក៏ដូចជាភាពសប្បាយរីករាយរបស់អ្នកគាំទ្របាល់ទាត់ដែលបានជួប បានឃើញ និងបានថតរូបជាមួយ Abbass៕