កាលពីថ្ងៃទី 25 វិច្ឆិកាកន្លងទៅ តំណាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD ត្រូវបានអនុញ្ញាតឱ្យចូលជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្នុងបំណងផ្លាស់ប្ដូរយោបល់ស្ដីពី ការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅ កម្ពុជា និងការដំឡើងឆ្នាំងសាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនីនៅទូទាំងប្រទេស។
យោងតាមក្រុមហ៊ុន BYD នៅក្នុងជំនួបរវាង ក្រសួងសាធារណការ និងក្រុមហ៊ុន BYD លោក Henry Yip ដែលជានាយកប្រតិបត្តិក្រុមហ៊ុន BYD Auto Industry បានណែនាំនូវផលិតផលមួយដែលមានបច្ចេកវិទ្យាខ្ពស់ របស់ក្រុមហ៊ុន BYD ដែលអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នោះគឺ រថភ្លើងលើអាកាស (Sky Rail)។
តបទៅនឹងការបង្ហាញរបស់ BYD ខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផែនការនេះនឹងអាចសម្រេចបាននាពេលសមស្របណាមួយនៅក្នុងពេលអនាគត។
លោក Marco Mok នាយកប្រតិបត្តិក្រុមហ៊ុន BYD Cambodia បានណែនាំនូវផែនការសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះសម្រាប់ឆ្នាំ 2023 ខាងមុខនេះផងដែរ។ ប៉ុន្តែ សេចក្ដីលម្អិត មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។