ការផ្ដួលក្រុមបាល់ទាត់របស់ ប្រទេសវ៉ែលស៍ ដោយលទ្ធផល 2-0 គឺជាជ័យជម្នះលើកដំបូងដែលក្រុមជម្រើសជាតិរបស់ អ៊ីរ៉ង់ យកឈ្នះលើក្រុមមកពី អឺរ៉ុប នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup។
នៅក្នុង 4 រដូវកាលមុនរបស់ World Cup អ៊ីរ៉ង់ បានប៉ះក្រុមបាល់ទាត់មកពី អឺរ៉ុប ចំនួន 6 ប្រកួត ក្នុងនោះមានតែ 1 ប្រកួតប៉ុណ្ណោះ ដែល អ៊ីរ៉ង់ បាន «ស្មើមុខ ស្មើមាត់» នៅពេលទាត់ជាមួយក្រុមរបស់ ព័រទុយហ្កាល់ ក្នុងវគ្គជម្រុះកាលពីឆ្នាំ 2018 ដែលទទួលបានលទ្ធផល 1-1។
ក្រុមជម្រើសជាតិរបស់ប្រទេសអាស៊ីខាងលិចមួយនេះ បានចាញ់ យូហ្គោស្លាវី (ឈ្មោះចាស់) 0-1, ចាញ់ អាល្លឺម៉ង់ 0-2 ក្នុងឆ្នាំ 1998, ចាញ់ ព័រទុយហ្កាល់ 0-2 ក្នុងឆ្នាំ 2006, ចាញ់ បូស្នី & ហឺហ្សីហ្គូវីណា ឆ្នាំ 2014 និងចាញ់ អេស្ប៉ាញ 0-1 ក្នុងឆ្នាំ 2018។
ជ័យជម្នះលើ វ៉ែលស៍ (Wales/ វ៉ែលស៍ ជារាជាណាចក្រមួយនៅក្នុងចក្រភពអង់គ្លេស) នៅលើកីឡដ្ឋាន Ahmed bin Ali នាថ្ងៃនេះ ក៏ទើបតែជាលើកទី 3 ដែល អ៊ីរ៉ង់ ឈ្នះការប្រកួតនៅ World Cup។ មុននោះ អ៊ីរ៉ង់ បានផ្ដួល អាម៉េរិក 2-1 ក្នុងឆ្នាំ 1998 និងផ្ដួល ម៉ារ៉ុក 1-0 ក្នុងឆ្នាំ 2018៕