ភ្នំពេញ៖ ព្រឹកថ្ងៃទី13 ខែតុលា ឆ្នាំ2017 នៅមជ្ឈមណ្ឌលសួនបច្ចេកវិទ្យា Technopark នៃសាធារណរដ្ឋកូរ៉េបានរៀបចំពិធីផ្លូវការនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Bae,yung-Chan ប្រធានសួនបច្ចេកវិទ្យា Gwangju Technopark ជាមួយលោក Park InCheol នាយកសមាគមឧស្សាហកម្មផលិតខ្សែកាប្លិ៍អុបទិក នៃខេត្ត Gwangju របស់កូរ៉េ។
ស្មារតីខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាបានចែងអំពីគោលបំណងក្នុងការបង្កើតមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកទេសជាន់ខ្ពស់ផ្នែកខ្សែកាប្លិ៍អុបទិកនៅកម្ពុជា ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មដើរតួជាអ្នកសម្របសម្រួលផ្នែកច្បាប់ និងរដ្ឋបាល ហើយមជ្ឈ មណ្ឌល Technopark ជាអ្នកផ្តល់ជំនួយបច្ចេកទេស ចំណែកសមាគមឧស្សាហកម្មខ្សែកាប្លិ៍អុបទិកផ្តល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេសការចែករំលែកបទពិសោធ ចែករំលែកព័ត៌មាន និងការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សុខគង់ បានធ្វើបទឧទ្ទេសនាមដល់អ្នកវិនិយោគទុនកូរ៉េ នៅខេត្ត Gwangju អំពីសក្តានុពល និងលក្ខណៈអំណោយផលរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច និងវិនិយោគ។ ក្នុងនោះមានដូចជាការរីកចម្រើនសេដ្ឋកិច្ច សង្គម ទីតាំងភូមិសាស្ត្រអំណោយផល និងសមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍរបស់កម្ពុជា ស្ថានភាពទូទៅនៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ស្វែងយល់ពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មពីឆ្នាំ 2015-2025 និងភាពអនុគ្រោះពាណិជ្ជកម្មដែលកម្ពុជាមាន។
បន្ទាប់ពីចុះអនុស្សរណៈយោគយល់គ្នាខាងលើ ប្រតិភូកម្ពុជាក៏បានអញ្ជើញចុះសិក្សាស្វែងយល់នៅរោងចក្រផលិតខ្សែកាប្លិ៍អុបទិក ដោយបានពិភាក្សាលើគម្រោងបើករោងចក្រប្រភេទនេះនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ បន្ទាប់មកក៏បានអញ្ជើញចូលរួមការប្រារព្វពិធីរំឭកខួបទី 27ឆ្នាំ នៃការបង្កើតក្រុមហ៊ុន NuriElecom.Co,Ltd ក្នុងទឹកចិត្តរីករាយ ស្និទ្ធស្នាលនិងមិត្តភាពខ្ពស់ក្នុងនាមជាដៃគូ និងជាប្រទេសធ្លាប់មានទំនាក់ទំនងគ្នាជាយូរលង់មកហើយ៕