ទីផ្សារការងារដែលកំពុងខ្វះធនធានមនុស្ស ធ្វើឱ្យម្ចាស់អាជីវកម្មនៅ កាណាដា ជួបការលំបាកខ្លាំងនៅក្នុងការជ្រើសរើសបុគ្គលិក ជាហេតុធ្វើឱ្យមានការពិចារណាទៅលើការប្រើប្រាស់មនុស្សយន្ត។
ទិន្នន័យស្ដីពីទីផ្សារការងារថ្មីបំផុតរបស់ ការិយាល័យជំរឿនកាណាដា (StatCan) បង្ហាញថា អត្រានៃការបាត់បង់ការងារស្ថិតនៅក្នុងកម្រិត 5.2% ដែលនេះគឺជាតួលេខត្រូវបានក្រុមសេដ្ឋវិទូយល់ថា «ការងារមានគ្រប់គ្រាន់» មានន័យថា គ្រប់គ្នាសុទ្ធតែអាចរកការងារបានធ្វើ។
យោងតាម StatCan ការងារជិត 1 លានកន្លែងត្រូវការជ្រើសរើសបុគ្គលិកនៅក្នុងត្រីមាសទី 2 ឆ្នាំ 2022 ហើយប្រាក់ឈ្នួលគិតជាម៉ោងកំពុងតែកើនឡើងប្រហែល 5%/ឆ្នាំ។ ប្រការនេះក៏កំពុងតែបង្កើនសម្ពាធលើបញ្ហាអតិផរណា។
ទេសាភិបាលធនាគារជាតិកាណាដា (BoC) Tiff Macklem ឱ្យដឹងថា កាណាដា កំពុងស្ថិតក្នុងស្ថានភាពសល់ការងារ ដោយសារតែកង្វះកម្លាំងពលកម្ម។
ម្ចាស់អាជីវកម្មមួយចំនួននៅក្នុងវិស័យភោជនីយដ្ឋានយល់ថា ដំណោះស្រាយសម្រាប់បញ្ហាខ្វះធនធានមនុស្សគឺការប្រើប្រាស់មនុស្សយន្ត (រ៉ូបូត)។ ការងាកទៅរករ៉ូបូតគឺមានន័យសម្រាប់វិស័យសេវាកម្មអាហារភេសជ្ជៈ។ វិស័យនេះត្រូវការជ្រើសរើសបុគ្គលិកក្នុងអត្រា 9.3% ខ្ពស់បំផុតនៅក្នុងខែសីហា 2022 ដោយមានការងារថ្មីចំនួន ជាង 136,000 កន្លែង។
Stephen Tapp ប្រធានផ្នែកសេដ្ឋកិច្ចនៅ ការិយាល័យពាណិជ្ជកម្មកាណាដា យល់ថា ក្រុមហ៊ុននានាគួរតែប្រើប្រាស់រ៉ូបូតឱ្យបានច្រើន។
ក៏ប៉ុន្តែ បញ្ហាប្រាក់ដុល្លារកាណាដា ធ្លាក់ថ្លៃ ធៀបនឹង ប្រាក់ដុល្លារអាម៉េរិក អាចធ្វើឱ្យទំនិញបច្ចេកវិទ្យា ក្នុងនោះមានម៉ាស៊ីនស្វ័យប្រវត្តជាដើមដែលនាំចូលពីបរទេស ឡើងថ្លៃកាន់តែខ្ពស់។ ហានិភ័យនៃការដំឡើងការប្រាក់របស់ រតនាគារជាតិអាម៉េរិក ក៏បណ្ដាលឱ្យក្រុមហ៊ុន សហគ្រាសនានាត្រូវចំណាយច្រើនជាងមុននៅក្នុងការវិនិយោគទៅលើឧបករណ៍បង្កើនផលិតភាព។
Josh Nye អ្នកជំនាញជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចប្រចាំធនាគារ Royal Bank របស់ កាណាដា (Royal Bank of Canada) យល់ថា សហគ្រាសទាំងឡាយដែលកំពុងជួបការលំបាកក្នុងការជ្រើសរើសបុគ្គលិក អាចបន្តការវិនិយោគទៅលើគ្រឿងម៉ាស៊ីនស្វ័យប្រវត្ត បើសិនជាល្បឿនរីកចម្រើននៃអាជីវកម្មរបស់ពួកគេមិនថមថយ៕