ក្រុមហ៊ុន Doppelmayr Group របស់ ប្រទេសអូទ្រីស ដែលមានជំនាញក្នុងការវិនិយោគលើកន្ត្រកខ្សែរ៉តសម្រាប់តំបន់ភ្នំ បានបង្ហាញអំពីបំណងក្នុងការបណ្ដាក់ទុននៅ ខេត្តព្រះសីហនុ ជាតំបន់ដែលមានសក្ដានុពលខ្លាំងសម្រាប់វិស័យទេសចរណ៍។
កាលពីរសៀលថ្ងៃទី 24 វិច្ឆិកា 2022 ក្នុងជំនួបជាមួយទ្វេភាគីជាមួយតំណាងក្រុមហ៊ុន Doppelmayr Group លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ សមស្របជាមួយ ខេត្តព្រះសីហនុ ហើយការវិនិយោគកន្ត្រកខ្សែរ៉តនៅ តំបន់កោះរ៉ុង គឺជារឿងល្អបំផុត។
ប្រសាសន៍របស់លោក អភិបាលរងខេត្តព្រះសីហនុ ត្រូវបានលើកឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន Doppelmayr Group បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគលើកន្ត្រកខ្សែរ៉តសម្រាប់តំបន់ភ្នំនៅលើទឹកដីនៃខេត្តនេះ។
Doppelmayr Group ជាក្រុមហ៊ុនវិនិយោគរបស់ ប្រទេសអូទ្រីស ដែលទើបចូលប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគ លើសេវាកម្សាន្ត មានដូចជា ទោងយោលខ្សែរ៉តជាដើម នេះបើតាមលោក Martin Ladner។
យោងតាមលោក Martin Ladner ក្រុមហ៊ុន Doppelmayr Group បានវិនិយោគលើវិស័យកន្ត្រកខ្សែរ៉ត ក្នុងនោះមានកន្ត្រកខ្សែរ៉តតំបន់ភ្នំ ខ្សែរ៉តសម្រាប់ការដឹកជញ្ជូនក្នុងក្រុងជាដើម ហើយថា ក្រុមហ៊ុនបានវិនិយោគនៅក្នុងប្រទេសចំនួន 50 លើពិភពលោក៕