ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី 24 វិច្ឆិកា 2022 បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីរកប្រាក់ចំណូល (Monetization) តាម Youtube នៅ កម្ពុជា។
បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល លើថ្នាលវីដេអូ YouTube នៅ ប្រទេសកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហានេះជូនអ្នកផលិតមាតិកា YouTube របស់យើង នេះបើតាម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសកាលពីម្សិលមិញ
ក្រសួងប្រៃសណីយ៍ បន្តថា ស្វែងរកដំណោះស្រាយ «ជាលទ្ធផល ចាប់ពីខែវិច្ឆិកា ឆ្នាំ 2022 នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube នៅ កម្ពុជា អាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ»។
ក.ប.ទ. បញ្ជាក់ថា នឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាពក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្ដល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ដ បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម។