នាថ្ងៃទី 25 វិច្ឆិកា 2022 នេះ នៅទីក្រុង Hai Phong ក្រុមហ៊ុន VinFast ប្រារព្ធពិធីសម្ពោធការនាំចេញរថយន្តអគ្គិសនី VF8 ជាលើកដំបូងទៅកាន់ទីផ្សារអាម៉េរិក ដោយមានវត្តមានរបស់ នាយករដ្ឋមន្ត្រីវៀតណាម រួមនឹងក្រុមមន្ត្រីក្រសួង និងស្ថាប័នពាក់ព័ន្ធ។
យោងតាមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ វៀតណាម VinFast រថយន្តអគ្គិសនី VF8 ដំបូងៗដែលនាំចេញពីកំពង់ផែ MPC នៅទីក្រុង Hai Phong ប្រទេសវៀតណាម ទៅកាន់ សហរដ្ឋអាម៉េរិក គឺមានចំនួន 999 គ្រឿង។
ខាងលើនេះគឺជារថយន្តអគ្គិសនីដំបូងៗក្នុងចំណោម 65,000 គ្រឿងដែល VinFast នឹងត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមការបញ្ជាទិញរបស់អតិថិជន។
រយៈពេល 20 ថ្ងៃ បន្ទាប់ពីបានចាកចេញពីកំពង់ផែ MPC នៅទីក្រុង Hai Phong ខាងលើ ទំនិញទាំងនេះនឹងទៅដល់ សហរដ្ឋអាម៉េរិក ហើយប្រគល់ឱ្យអតិថិជនចាប់ពីចុងខែធ្នូខាងមុខ។
ភាគីក្រុមហ៊ុនឱ្យដឹងថា បន្ទាប់ពី ទីផ្សារអាម៉េរិក VinFast នឹងនាំចេញរថយន្តអគ្គិសនី VF8 ទៅកាន់ ទីផ្សារកាណាដា និង អឺរ៉ុប ដើម្បីអាចប្រគល់ឱ្យអតិថិជនបានទាន់ពេលនៅឆ្នាំ 2023៕