គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន 6 ដែលមានទុនវិនិយោគសរុបប្រមាណ 255 លានដុល្លារអាម៉េរិក និងគ្រោងបង្កើតការងារបានជិត 5,000 កន្លែង នៅក្នុងខេត្តក្រុងមួយចំនួនរួមមាន ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, រាជធានីភ្នំពេញ, បាត់ដំបង, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, កោះកុង, មណ្ឌលគិរី, ឧត្តរមានជ័យ, ព្រះវិហារ, ព្រៃវែង, ពោធិ៍សាត់, សៀមរាប និងតាកែវ។
ក្រុមហ៊ុនវិនិយោគទាំងនេះរួមាន ៖
«HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD» ៖ គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ 5 ចំនួន 957 បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ 4, សង្កាត់លេខ 4, ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 168 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 955 កន្លែង។
«GREEN VISION RISING CO., LTD» ៖ គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅនិងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ 44.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,414 កន្លែង។
«TELEMOBILE (CAMBODIA) CORPORATION (T.C.C)» ៖ គម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ 27.5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 106 កន្លែង។
«ZHUO KANG SHOES CO., LTD» ៖ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង, សង្កាត់កន្ទោក, ខណ្ឌកំបូល, រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,149 កន្លែង។
«FANMAR AUTO PART (CAMBODIA) CO., LTD» ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង, សង្កាត់ព្រៃស, ខណ្ឌដង្កោ, រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 127 កន្លែង។
«YANLING ACCESSORIES (CAMBODIA) CO., LTD» ៖ គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ, ឃុំរកាកោះ, ស្រុកគងពិសី, ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 203 កន្លែង៕