បន្ទាប់ពីប្រឹងប្រែងដណ្ដើមេដាយមាស កីឡាប៉េតង់ពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកស្រី អ៊ុក ស្រីមុំ មបានបង្ហាញជំនឿចិត្តតិចតួចណាស់ក្នុងការប្រជែន យកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ។
ថ្លែងក្នុងពិធីដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីកាលពីពេលថ្មីៗកន្លងទៅ អ្នកស្រី អ៊ុក ស្រីមុំ ឲ្យដឹងថា៖ ចំពោះការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ គឺខុសពីការប្រកួតជើងឯកពិភពលោកកាលពីថ្ងៃមុន ដោយស៊ីហ្គេមខ្លួនត្រូវប្រកួតលើវិញ្ញាសាវាយគូ រីឯការដណ្ដើមបានមេដាយមាសពិភពលោកថ្ងៃមុន គឺលើវិញ្ញាសាវាយឯកត្តជននារី ។
ដូច្នេះវាមានភាពខុសគ្នាច្រើនរវាងវិញ្ញាសាទាំងពីរនេះ ហើយឱកាសស្វែងរកមេដាយ ក៏អាចនឹងពិបាកដែរ ។ ប៉ុន្ដែអ្នកស្រីបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីមុខមាត់ប្រទេសជាតិ ។
២លើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ គឺដណ្ដើមបានមេដាយរហូតលើវិញ្ញាសាវាយគូ តែពុំធ្លាប់ឈ្នះបានមេដាយមាសឡើយ ដែលក្នុងនោះស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយកីឡាករ ឌុច សោភ័ណ្ឌ ឈ្នះមេដាយប្រាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាប៉េតង់ថៃ ។
ចំណែកស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយអតីតម្ចាស់មេដាយមាសពិភពលោកអ្នកស្រី កែ ឡេង ប្រកួតចាញ់ក្រុមថៃដដែល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។