អ្នករៀនអាជីពចុងភៅមានអត្រាការងារខ្ពស់ តែកម្ពុជានៅមិនទាន់មានសាលាបណ្តុះបណ្តាលផ្លូវការគ្រប់គ្រាន់ ដើម្បីបំពេញទីផ្សារដែលមានតម្រូវការខ្ពស់នេះទេ។ នេះបើតាមការអះអាងរបស់លោក លូ ម៉េង ដែលជាម្ចាស់ភោជនីយដ្ឋានជាច្រើនកន្លែង និងជាសហប្រធានផ្នែកឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា។
លោក លូ ម៉េង បាននិយាយថា សាលាបណ្តុះបណ្តាលអាជីពចុងភៅ (លក្ខណៈផ្លូវការ) មានតិចណាស់នៅកម្ពុជា ដោយមានប្រហែល2-3កន្លែងប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញ ចំណែកប្រហែល 5-6កន្លែងទៀតមាននៅសៀមរាប តែក្នុងទ្រង់ទ្រាយជាលក្ខណៈអង្គការតែប៉ុណ្ណោះ។
លោក បានបញ្ជាក់ថា៖“យើងនៅខ្វះសាលានេះច្រើន! យើងមានឱកាសបង្រៀនគាត់ តែយើងរកទីតាំងបង្រៀនគាត់មិនបាន។ នៅពេលបច្ចុប្បន្ននេះសណ្ឋាគារលំដាប់ខ្ពស់ៗ និងភោជនីយដ្ឋានទំនើបៗបានកើតឡើងយ៉ាងព្រោងព្រាតនៅស្ទើរគ្រប់ខេត្តក្រុង តែធនធានមនុស្សក្នុងវិស័យនេះមិនទាន់អាចចាប់យកអាជីពកម្រិតខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងសម័យទំនើបនេះបានទេ។
លោក លូ ម៉េង បញ្ជាក់ថា អ្នករៀនអាជីពនេះមានអត្រាការងារធ្វើខ្ពស់ណាស់ ដោយអ្នករៀនមិនទាន់ទាំងចប់ផង គឺមានគេចុះកិច្ចសន្យាឱ្យបំពេញការងារ ដោយមិនចាំបាច់រង់ចាំរហូតដល់រៀនចប់នោះទេ។
កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនាបានយ៉ាងហោចណាស់7លាននាក់នៅដំណាច់ឆ្នាំ2020 ដោយក្នុងនោះភ្ញៀវទេសចរចិន នឹងមានចំនួនច្រើនជាងគេ។
កម្ពុជានឹងត្រូវបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ថ្មីបន្ថែមទៀត ចំនួន40ម៉ឺននាក់ ចាប់ពីឆ្នាំ2013 ដល់ 2020 ដើម្បីទ្រទ្រង់កំណើនទេសចរចំនួន7លាននាក់នៅឆ្នាំ2020៕