បច្ចុប្បន្ន រថយន្តអគ្គិសនី VinFast របស់ Vingroup កំពុងស្ថិតនៅឯកំពង់ផែភាគខាងជើងប្រទេសវៀតណាម ដើម្បីត្រៀមនាំចេញទៅកាន់ សហរដ្ឋអាម៉េរិក។
រថយន្តអគ្គិសនី VinFast ដែលសុទ្ធតែជាម៉ូដែល VF8 នេះ គ្រោងនឹងត្រូវបានលើកដាក់កប៉ាល់នៅថ្ងៃស្អែក (25 វិច្ឆិកា) មុនពេលយកទៅប្រគល់ដល់ដៃអតិថិជននៅ សហរដ្ឋអាម៉េរិក និង កាណាដា នៅចុងឆ្នាំនេះ។
នៅក្នុងទីផ្សារអាម៉េរិក VinFast VF8 មានតម្លៃចាប់ពី 40,700 ដុល្លារអាម៉េរិក សម្រាប់កំណែ Eco និងពី 47,700 ដុល្លារសម្រាប់កំណែ Plus (មិនទាន់មានថ្ម)។ តម្លៃជួលថ្មនៅក្នុងទីផ្សារខាងលើគឺចាប់ពី 35 ដុល្លារដល់ 110 ដុល្លារ។
មុននេះ VinFast VF8 ក៏ត្រូវបានដាក់លក់នៅក្នុងទីផ្សារវៀតណាម ក្នុងនោះ កំណែ Eco បំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 260 kW អាចធ្វើដំណើរបាន 420 គីឡូម៉ែត្រ បន្ទាប់ពីបញ្ចូលថាមពលពេញ។ ចំណែកកំណែ Plus ប្រើប្រាស់ម៉ូទ័រអគ្គិសនី 300 kW និងបំពាក់ថ្មផ្ទុកថាមពលដែលអាចឱ្យជិះបាន 400 គីឡូម៉ែត្រ ក្រោយបញ្ចូលអគ្គិសនីពេញ៕