ក្រសួងហិរញ្ញវត្ថុថៃ កំពុងជំរុញដំណើរការនៃការបង្កើតមូលនិធិសន្សំប្រាក់បែបកាតព្វកិច្ចសម្រាប់កម្មករ និយោជិត ក្រោយពីរកឃើញថា មូលនិធិសន្សំប្រាក់ដោយស្ម័គ្រចិត្តនាបច្ចុប្បន្ន មិនអាចធានាបានថា ពលរដ្ឋមានប្រាក់ចំណូលគ្រប់គ្រាប់សម្រាប់រស់នៅពេលចូលនិវត្តន៍។
ប្រភពព័ត៌មានពី បាងកក បានឱ្យដឹងថា លោកស្រី Sittasri Nakasiri ប្រធានការិយាល័យប្រឹក្សាផ្នែកផលបត្រវិនិយោគ និងតាមដានមូលនិធិសន្សំ នៃ គណៈកម្មការមូលបត្រ របស់ ប្រទេសថៃ បានឱ្យដឹងថា ប្រទេសថៃ នឹងក្លាយជាសង្គមមនុស្សចាស់ (Ageing Population) នៅពេលដ៏ខ្លីខាងមុខ ដូច្នេះ វិស័យសាធារណៈ និងឯកជន កំពុងរកវិធីសាស្ត្រដើម្បីត្រៀមសម្រាប់ពលរដ្ឋចូលនិវត្តន៍។
សង្គមមនុស្សចាស់គឺជាសង្គមដែលមានអត្រាពលរដ្ឋអាយុច្រើនជាង 65 ឆ្នាំ ខ្ពស់ជាង 14% ធៀបនឹងចំនួនប្រជាជនសរុប។ ក្នុងរយៈពេល 10 ទៀត ចំនួនប្រជាជនដែលមានវ័យលើសពី 65 ឆ្នាំ នៅ ប្រទេសថៃ នឹងកើនឡើងលើសពី 20%។
យោងតាមលោកស្រី Sittasri ការពឹងផ្អែកទៅលើតែមូលនិធិសន្សំប្រាក់ដោយស្ម័គ្រចិត្តគឺមិនគ្រប់គ្រាន់ឡើយ។ បច្ចុប្បន្ន ចំនួនសមាជិករបស់មូលនិធិនេះមានតែជិត 3 លាននាក់ប៉ុណ្ណោះ ពោលគឺមិនដល់ 18% ផង បើធៀបនឹងចំនួនកម្មករ និយោជិតសរុបរបស់ប្រទេសនេះ៕