(វៀតណាម)-គណៈកម្មការគ្រប់គ្រងផ្លូវដែកក្នុងក្រុងហាណូយ (MRB), ក្រុមហ៊ុនម៉ៅការ Sytra នៃគម្រោងផ្លូវដែកក្នុងក្រុង (Metro) Nhon – ស្ថានីយហាណូយ ទើបតែបានប្រកាសអំពីការចាប់ផ្ដើមដំណើរការសាកល្បងកំណាត់ផ្លូវដែកលើទីខ្ពស់ ចាប់ពីថ្ងៃទី 05 ធ្នូ ខាងមុខ។
ការដំណើរការសាកល្បងខាងលើនេះ នឹងត្រូវបានចាត់ទុកថា បញ្ចប់ជាស្ថាពរ នៅពេលការធ្វើតេស្តនានាសុទ្ធតែទទួលបានជោគជ័យ។
គម្រោងផ្លូវដែកក្នុងក្រុងកំណាត់ ញ៉ូន (Nhon) – ស្ថានីយហាណូយ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនេះមានប្រវែង 12.5 គីឡូម៉ែត្រ ក្នុងនោះមានជាង 8 គីឡូម៉ែត្រស្ថិតនៅលើទីខ្ពស់ និង 4 គីឡូម៉ែទ្រស្ថិតនៅក្រោមដី។ គម្រោងនេះមានស្ថានីយសម្រាប់អ្នកដំណើរចំនួន 12 និងចំណត់សម្រាប់រថភ្លើងមួយទំហំជាង 15 ហិកតា រួមនឹងរថភ្លើងចំនួន 10 ខ្សែ។
គម្រោងដែលនឹងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការទាំងស្រុងនៅឆ្នាំ 2027 ខាងលើនេះ មានទុនវិនិយោគសរុបប្រហែល 1,176 លានអឺរ៉ូ ដែលជាឥណទានពី ODA របស់ បារាំង, ធនាគារវិនិយោគអឺរ៉ុប, ទីភ្នាក់ងារអភិវឌ្ឍបារាំង, ធនាគារអភិវឌ្ឍអាស៊ី និង 218 លានអឺរ៉ូ ទៀត គឺជាថវិកាបដិភាគរបស់ វៀតណាម៕