នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី 24 វិច្ឆិកា 2022 ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ។
សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ ក៏មានវត្តមានរបស់មន្ត្រីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងរដ្ឋាភិបាលកូរ៉េខាងត្បូង និងតំណាងវិស័យឯកជនផងដែរ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការអនុវត្តកិច្ចព្រមព្រៀង CKFTA។ កិច្ចព្រមព្រៀង CKFTA នេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។
យោងតាមលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង CKFTA នេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជាបាន បើកទីផ្សារ ចំនួន 89.09% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន 95.03% នៃបន្ទាត់ពន្ធគយសរុប ក្នុងនោះ កម្ពុជា នឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាន។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចព្រមព្រៀង CKFTA ត្រូវបាន កម្ពុជា ផ្តល់សច្ចាប័នកាលពីថ្ងៃទី 29 មករា 2022 ខណៈភាគីកូរ៉េ បានផ្ដល់សច្ចាប័ន និងជូនដំណឹងមក កម្ពុជា កាលពីថ្ងៃទី 02 តុលា 2022។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃទី 01 ធ្នូ 2022៕