លោក Jose Mourinho បានចាត់ទុកកីឡដ្ឋាន Anfield របស់ក្លិប Liverpool ជាកន្លែងដ៏ស្រស់ស្អាតមួយ និងបានបញ្ជាក់ថា តារាឆ្នើមៗនៃក្រុម Manchester United របស់លោក នឹងរីករាយក្នុងការលេងក្រោមបរិយាកាសដ៏តានតឹងបែបនេះនៅល្ងាចថ្ងៃសៅរ៍នេះ។
លោក Gary Neville និង Mikael Silvestre ដែលសុទ្ធសឹងជាអតីតកីឡាកររបស់ក្លិប Man United បាននិយាយនៅសប្តាហ៍នេះទាក់ទងនឹងការប្រជែងយ៉ាងពិសេសតាមរយៈការធ្វើដំណើររបស់ Man United ទៅកាន់ទឹកដី Anfield ហើយភាពស្វិតស្វាញនឹងកើតឡើងក្នុងការប្រកួតនេះ។ ប៉ុន្តែ លោក Mourinho គ្រូបង្វឹករបស់ក្រុម Man United បានបញ្ជាក់ថា បើទោះបីមានប្រវត្តិយ៉ាងជូរចត់នៃការជួបប្រកួតគ្នារវាងក្រុមទាំងពីរក៏ដោយ ប៉ុន្តែ កីឡាកររបស់លោកគួរតែពេញចិត្តទៅនឹងឱកាសក្នុងការលេងពីមុខអ្នកគាំទ្រដ៏ច្រើនកុះករនៃកីឡដ្ឋាន Anfield។
លោក Mourinho បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា៖ «អ្នកដឹងទេ នេះវាហាក់ដូចជារឿងកំប្លែងបន្តិចសម្រាប់ខ្ញុំ ពីព្រោះខ្ញុំគិតថា នៅពេលដែលមនុស្សជាច្រើននិយាយអំពីបរិយាកាសធំៗជាច្រើន វាហាក់ដូចជាយើងមិនចូលចិត្ត វាហាក់ដូចជាវាមានបញ្ហាមួយសម្រាប់យើង ក្នុងការទៅកាន់កន្លែងដ៏ជាក់លាក់មួយ និងត្រូវជួបបរិយាកាសដ៏ធំមួយ។ នេះគឺជាអ្វីដែលយើងត្រូវបាន»។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានឲ្យដឹងទៀតថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ដែលអ្នកនិយាយពីការប្រកួតនេះតាមរបៀបអវិជ្ជមាន។ ខ្ញុំកាន់តែភ្ញាក់ផ្អើលទៅទៀតនៅពេលដែលខ្ញុំបានឮអតីតកីឡាករ និងតារាឆ្នើមៗ និយាយពីបរិយាកាសផ្សេងៗដែលដូចទៅនឹងរឿងដែលគួរឲ្យខ្លាច វាដូចទៅនឹងរឿងដ៏គួរឲ្យព្រួយបារម្ភទៅវិញ»។
ទាក់ទងនឹងការប្រកួតនៅល្ងាចនេះ លោក Mourinho បានបន្ថែមទៀតថា៖ «វាលើកទឹកចិត្តដល់យើង ព្រោះវាជាអ្វីមួយដែលយើងចង់បាន។ វាជាការប្រកួតមួយដែលយើងចង់បានរាល់ការប្រកួតទាំងអស់»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕
ប្រភពព័ត៌មាន៖ Sky Sports