គម្រោង Pillswood ដែលជាប្រព័ន្ធថ្មផ្ទុកថាមពលទំហំ 98 MW ស្ថិតនៅក្បែរទីក្រុង Hull ក្នុងតំបន់ East Yorkshire ភាគខាងកើតនៃ ប្រទេសអង់គ្លេស ត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី 21 វិច្ឆិកា 2022។
គម្រោង Pillswood ដែលអភិវឌ្ឍដោយក្រុមហ៊ុន Harmony Energy Limited គឺជាប្រព័ន្ធថ្មផ្ទុកថាមពលអគ្គិសនីធំបំផុតនៅ ទ្វីបអឺរ៉ុប និងប្រើប្រាស់បច្ចេកវិទ្យា Megapack 2-ម៉ោង របស់ Tesla ដែលអនុញ្ញាតឱ្យវាផ្ទុកអគ្គិសនីបានរហូតដល់ 196 MWh នៅក្នុងមួយវដ្ដៗ អាចផ្គត់ផ្គង់អគ្គិសនីតាមតម្រូវការរបស់មនុស្សប្រហែល 300,000 គ្រួសារក្នុងរយៈពេល 2 ម៉ោង។
Peter Kavanagh ប្រធានក្រុមហ៊ុន Harmony Energy ឱ្យដឹងថា «នេះគឺជាគម្រោងថ្មផ្ទុកថាមពលអគ្គិសនីទី 3 និងធំជាងគេដែលយើងធ្លាប់បានអភិវឌ្ឍ និងប្រគល់ឱ្យអតិថិជនក្រោយពីសាងសង់រួចរាល់»។
យោងតាម Kavanagh ក្រុមហ៊ុន Harmony Energy នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មផ្ទុកថាមពលអគ្គិសនីចំនួន 5 ទៀត ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ នៅមុនខែតុលា 2023៕