ធនាគារ JPMorgan (សហរដ្ឋអាម៉េរិក) បង្កើតកាបូបអេឡិចត្រូនិចសម្រាប់ប្រាក់ឌីជីថល ដើម្បីត្រៀមផ្ដល់សេវាកម្មផ្ទេរ ដោះដូរ និងទូទាត់ប្រាក់។ល។
JPMorgan Chase បានចុះបញ្ជីជាផ្លូវការ និងទទួលបានវិញ្ញបនបត្រសម្រាប់ «កាបូបឌីជីថល JPMorgan» ពី ការិយាល័យស្លាកសញ្ញា និងអាជ្ញាប័ណ្ណអាម៉េរិក (USPTO) ដែលនេះបង្ហាញថា ក្រុមហ៊ុនហិរញ្ញវត្ថុខ្នាតយក្សនេះបន្តវាយលុកជ្រៅទៅក្នុងវិស័យផ្ដល់សេវាកម្មប្រាក់ឌីជីថល និង Bitcoin សម្រាប់អតិថិជនបច្ចុប្បន្នរបស់ពួកគេ។
JPMorgan នឹងផ្ដល់សេវាកម្មដែលទាក់ទងនឹងការផ្ទេរប្រាក់ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain, សេវាកម្មដោះដូរ សេវាសម្រួលការទូទាត់ដោយប្រាក់ឌីជីថល ក្នុងនោះមានការទូទាត់ដោយការប្រើកាតឥណទាន និងប្រាក់ឌីជីថលសុទ្ធផងដែរ។
កាបូបអេឡិចត្រូនិចខាងលើរបស់ JPMorgan ក៏ធ្វើជាអ្នកសម្របសម្រួលក្នុងការទូទាត់ឆ្លងប្រទេស និងសេវាគ្រប់គ្រងគណនីសែកនិម្មិតទៀតផង។
យីហោកាបូបឌីជីថលរបស់ JPMorgan ត្រូវបានអនុម័តកាលពីថ្ងៃទី 15 វិច្ឆិកា 2022 បន្ទាប់ពីបានដាក់ពាក្យស្នើសុំចុះឈ្មោះស្លាកសញ្ញាពាណិជ្ជកម្មកាលពីឆ្នាំ 2020។
បើទោះជា CEO Jamie Dimon កន្លងមកធ្លាប់បានជំទាស់ទៅនឹងការប្រើប្រាស់ប្រាក់ឌីជីថលគ្រីបតូ ប៉ុន្តែ JPMorgan នៅតែចូលរួមកាន់តែជ្រៅទៅក្នុងវិស័យថ្មីនេះ។ ឥរិយាបថនេះកើតឡើងនៅពេលទីផ្សារប្រាក់ឌីជីថលគ្រីបតូ កំពុងជួបវិបត្តិ ក្រោយករណីដួលរលំរបស់ FTX និងការធ្លាក់ថ្លៃរបស់ Bitcoin៕