ក្រុមហ៊ុនខ្នាតយក្ស CATL គឺជាស្ថាប័នដំបូងគេដែលណែនាំអំពីថ្មផ្ទុកអគ្គិសនីប្រភេទ sodium-ion ប៉ុន្តែ BYD អាចជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់ថ្មប្រភេទនេះនៅក្នុងការផលិតទ្រង់ទ្រាយធំ។
សារព័ត៌មានក្នុងស្រុក LatePost បានផ្សាយថា ក្រុមហ៊ុនផលិតរថយន្តចិន BYD នឹងផលិតថ្មផ្ទុកថាមពលប្រភេទ sodium-ion ចាប់ពីត្រីមាសទី 2 ឆ្នាំ 2023 ហើយពួកវានឹងត្រូវបានប្រើប្រាស់នៅលើរថយន្តអគ្គិសនី Qin EV, Dolphin និង Seagull របស់ BYD ដែលកំពុងពេញនិយមខ្លាំងនៅ ប្រទេសចិន។
យោងតាម LatePost ផ្នែកអភិវឌ្ឍថ្មផ្ទុកថាមពលរបស់ BYD ដែលមានឈ្មោះថា FinDreams ទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងផលិតថ្មប្រភេទ sodium-ion ក្នុងបរិមាណច្រើន ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកំណត់ម៉ូដែល។
រថយន្តអគ្គិសនី Qin EV និង Dolphin សុទ្ធតែមានតម្លៃចាប់ពី 14,000 ដុល្លារឡើងទៅ ហើយម៉ូដែលថ្មីរបស់ BYD គឺ Seagull នឹងត្រូវបានបង្ហាញក្នុងទីផ្សារនៅឆ្នាំក្រោយ ហើយមានតម្លៃចាប់ពី 11,100 ដល់ 14,000 ដុល្លារអាម៉េរិក៕